ពលរដ្ឋភូមិស្ទឹងជ្រៅហួសចិត្ត! មន្ត្រីបរិស្ថាន និងអាជ្ញាធរចុះធ្វើកំណត់ហេតុគ្រាន់តែតាំងពិពណ៌ ទុកឱ្យរាស្ត្រទ្រាំហិតក្លិនលាមកគោរាប់ខែ

ពលរដ្ឋភូមិស្ទឹងជ្រៅហួសចិត្ត! មន្ត្រីបរិស្ថាន និងអាជ្ញាធរចុះធ្វើកំណត់ហេតុគ្រាន់តែតាំងពិពណ៌ ទុកឱ្យរាស្ត្រទ្រាំហិតក្លិនលាមកគោរាប់ខែ

ខេត្តកណ្ដាល៖ ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅក្នុងភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល កំពុងតែសម្តែងការក្តៅក្រហាយ និងជួបទុក្ខលំបាកយ៉ាងខ្លាំង ដោយសារតែត្រូវទ្រាំទ្ររស់នៅជាមួយក្លិនស្អុយអាសោចចេញពីទឹកនោម និងលាមកគោ នៃរោងចិញ្ចឹមគោមួយកន្លែង ដែលសង់ឡើងនៅចំកណ្តាលទីប្រជុំជន ដោយគ្មានការយោគយល់ ឬកោតក្រែងដល់សុខភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋដែលរស់នៅជុំវិញនោះឡើយ។

ប្រភពពីប្រជាពលរដ្ឋនៅទីនោះបានឱ្យដឹងថា រោងចិញ្ចឹមគោដែលបង្កផលប៉ះពាល់នេះ ជារបស់ «អ្នកមានជំនាន់ថ្មីម្នាក់» ដែលទើបតែមកទិញដីឡូតិ៍នៅទីនោះ និងបានចំណាយប្រាក់រាប់ម៉ឺនដុល្លារដើម្បីសាងសង់រោងចិញ្ចឹមគោ។ ការសាងសង់ និងប្រតិបត្តិការចិញ្ចឹមសត្វក្នុងតំបន់ប្រជុំជននេះ បានបញ្ចេញក្លិនស្អុយយ៉ាងធ្ងន់ធ្ងរ ប៉ះពាល់ដល់សុខភាពផ្លូវដង្ហើម និងការរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋយ៉ាងខ្លាំង ដែលធ្លាប់តែរស់នៅដោយសុខសាន្តជាច្រើនឆ្នាំមកហើយ។

អ្វីដែលធ្វើឱ្យប្រជាពលរដ្ឋកាន់តែហួសចិត្ត និងអស់សង្ឃឹមនោះគឺ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅ មន្ត្រីបរិស្ថានខេត្តកណ្ដាល រួមជាមួយអាជ្ញាធរមូលដ្ឋានសង្កាត់ដើមមៀន បានចុះមកធ្វើកំណត់ហេតុ និងសាកសួរព័ត៌មានពីប្រជាពលរដ្ឋដល់ទីតាំងកើតហេតុរួចរាល់ហើយក្តី ប៉ុន្តែរហូតមកទល់ពេលនេះ អ្វីៗនៅតែ «ស្ងាត់ជ្រៀប» ដោយគ្មានដំណោះស្រាយណាមួយដាច់ស្រេចជូនពួកគាត់ឡើយ។

ប្រជាពលរដ្ឋបានលើកឡើងដោយភាពឈឺចាប់ និងចោទសួរថា៖ «តើអស់លោកមន្ត្រី អាចយល់ពីទឹកចិត្ត និងការឈឺចាប់របស់ប្រជាពលរដ្ឋខ្លះដែរឬទេ? គ្រាន់តែរឿងក្លិនទឹកនោម និងលាមកគោប៉ុណ្ណឹង អស់លោកមិនអាចចាត់ការ ឬរកដំណោះស្រាយជូនរាស្ត្របាន? តើឱ្យប្រជាពលរដ្ឋទ្រាំរស់នៅប្រឈមនឹងជំងឺបែបនេះបន្តទៀតដល់ពេលណា ទើបអស់លោកព្រមដោះស្រាយឱ្យ?»

ផ្អែកលើភាពអសកម្មនេះ ប្រជាពលរដ្ឋបានបញ្ជាក់ថា ពួកគាត់លែងមានជំនឿចិត្តលើលោកមេភូមិ ក៏ដូចជាអាជ្ញាធរសង្កាត់ដើមមៀនទៀតហើយ ព្រោះហាក់ដូចជាគ្មានសមត្ថភាព ឬគ្មានឆន្ទៈក្នុងការដោះស្រាយបញ្ហាដ៏ធ្ងន់ធ្ងរមួយនេះជូនរាស្ត្រទាល់តែសោះ។ ពេលនេះ ប្រជាពលរដ្ឋមានតែបង្វែរក្តីសង្ឃឹមតែមួយគត់ទៅលើ លោក លីវ វណ្ណថេង អភិបាលក្រុងតាខ្មៅ ដែលទើបតែកាន់តំណែងថ្មី អន្តរាគមន៍ជួយដោះស្រាយទុក្ខកង្វល់នេះ។ ពួកគាត់បានបន្ថែមថា ប្រសិនបើថ្នាក់ក្រុងនៅតែមិនអាចដោះស្រាយបានទៀតនោះ មានតែតម្រូវឱ្យពួកគាត់បន្តស្នើសុំកិច្ចអន្តរាគមន៍ផ្ទាល់ពី លោកអភិបាលខេត្តកណ្ដាល ប៉ុណ្ណោះ ទើបអាចមានវិធានការក្តៅចាត់ការលើរឿងលាមកគោ និងភាពអសកម្មរបស់មន្ត្រីថ្នាក់ក្រោមទាំងនេះបាន។

ប្រជាពលរដ្ឋដែលកំពុងរង់ចាំដំណោះស្រាយ ទទូចយ៉ាងមុតមាំសុំឱ្យអាជ្ញាធរពាក់ព័ន្ធ ជាពិសេសមន្ត្រីជំនាញបរិស្ថាន មេត្តាចុះពិនិត្យ និងមានវិធានការផ្លូវច្បាប់ជាបន្ទាន់ ចំពោះម្ចាស់រោងចិញ្ចឹមគោដែលខ្វះការទទួលខុសត្រូវរូបនេះ ដើម្បីស្តារបរិស្ថានរស់នៅ និងផ្តល់ភាពសុខសាន្តជូនប្រជាពលរដ្ឋឡើងវិញ៕

Scroll to Top