ចុះបង្ក្រាបទីតាំងម៉ាស្សាយីហោ “អេស អ៊ឹម ស្ទីម-ម៉ាស្សា” ពាក់ព័ន្ធករណីសញ្ចារកម្ម និងជួញដូរមនុស្ស! ឃាត់ខ្លួនមេការម្នាក់ និងរកឃើញមនុស្សសរុប ២៤នាក់

ចុះបង្ក្រាបទីតាំងម៉ាស្សាយីហោ “អេស អ៊ឹម ស្ទីម-ម៉ាស្សា” ពាក់ព័ន្ធករណីសញ្ចារកម្ម និងជួញដូរមនុស្ស! ឃាត់ខ្លួនមេការម្នាក់ និងរកឃើញមនុស្សសរុប ២៤នាក់

រាជធានីភ្នំពេញ ៖ កម្លាំងចម្រុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងក្រោមការសម្របសម្រួលផ្ទាល់ពីស្ថាប័នអយ្យការ បានបើកប្រតិបត្តិការចុះបង្ក្រាបទាន់ពេលវេលាលើករណីសញ្ចារកម្ម និងសញ្ចារកម្មពេស្យាចារពាក់ព័ន្ធនឹងកុមារ នៅហាង “អេស អ៊ឹម ស្ទីម-ម៉ាស្សា” ស្ថិតនៅផ្ទះលេខ៧០ ផ្លូវលេខ៩៥ ភូមិ៩ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង។

ប្រតិបត្តិការទ្រង់ទ្រាយធំនេះ ធ្វើឡើងកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៧និង៣០នាទី ក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម, លោកស្រីឧត្តមសេនីយ៍ត្រី ឆេង សារ៉េត ស្នងការរង និងលោកវរសេនីយ៍ទោ សុង សក្ដា នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន រួមជាមួយការសម្របសម្រួលនីតិវិធីពីលោកស្រី ស៊ូ សុជាតា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ជាលទ្ធផលនៃការចុះឆែកឆេរ និងបោសសម្អាតទីតាំងខាងលើ សមត្ថកិច្ចរកឃើញមនុស្សសរុបចំនួន ២៤នាក់ (ស្រី ១៩នាក់) ក្នុងនោះមាន អនីតិជនចំនួន ២នាក់ ព្រមទាំងបានដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួនផងដែរ។

បច្ចុប្បន្ន ជនសង្ស័យជាមេការចំនួន ០១នាក់ កំពុងត្រូវបានការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹង ខណៈដែលនារីរងគ្រោះ និងអនីតិជនរងគ្រោះទាំងអស់ ត្រូវបានប្រគល់ជូនមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ ដើម្បីបន្តអនុវត្តតាមនីតិវិធីជំនាញ និងផ្ដល់ការគាំទ្រចាំបាច់៕

Scroll to Top