ក្រសួងកសិកម្ម រួមជាមួយអាជ្ញាធរខេត្តមណ្ឌលគិរី ចុះបើកវេទិកាសាធារណៈថ្នាក់ជាតិ ដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋនៅឃុំស្រែហ៊ុយ

ក្រសួងកសិកម្ម រួមជាមួយអាជ្ញាធរខេត្តមណ្ឌលគិរី ចុះបើកវេទិកាសាធារណៈថ្នាក់ជាតិ ដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋនៅឃុំស្រែហ៊ុយ

ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ួង កុសល រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលថ្នាក់ជាតិចុះមូលដ្ឋានស្រុកកោះញែក ជាមួយលោក ចាន់ រតនា អភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីភាពក្នុង «វេទិកាសាធារណៈថ្នាក់ជាតិ» ដែលបានរៀបចំឡើងនៅក្នុងបរិវេណវត្តស្រែហ៊ុយ ស្ថិតក្នុងភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត, មេបញ្ជាការ-មេបញ្ជាការរងកងកម្លាំងប្រដាប់អាវុធ, ប្រធាន-អនុប្រធានមន្ទីរ និងអង្គភាពជុំវិញខេត្ត, លោក សី ទូច អភិបាលស្រុកកោះញែក ព្រមទាំងសមាជិកក្រុមប្រឹក្សាស្រុក អាជ្ញាធរដែនដី មន្ត្រីជំនាញ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានយ៉ាងច្រើនកុះករ។

វេទិកាសាធារណៈនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបើកឱកាសឱ្យប្រជាពលរដ្ឋបានលើកឡើងដោយផ្ទាល់នូវបញ្ហាប្រឈម សំណូមពរ និងតម្រូវការចាំបាច់នានា ដើម្បីឱ្យអាជ្ញាធរ និងមន្ត្រីជំនាញរួមគ្នាស្វែងរកដំណោះស្រាយបានទាន់ពេលវេលា និងចំគោលដៅជាក់ស្តែង។

នៅក្នុងអង្គវេទិកា ប្រជាពលរដ្ឋបានលើកឡើងនូវសំណូមពរផ្លូវការជាច្រើនរួមមាន៖

– ស្នើសុំកសាងផ្លូវប៉េតុងចេញពីភូមិថ្មីស្រែហ៊ុយ, ស្នើសុំសង់ស្ពានអូរប្រង់, ដាក់លូបង្ហូរទឹកពីស្រែចាន់មកស្រែហ៊ុយ និងសុំជួសជុលផ្លូវក្រុមថងប៉ាង។

– ស្នើសុំស្តារទំនប់ និងប្រឡាយទឹកនៅតំបន់អូរប្រង់ ដើម្បីបម្រើដល់ការបង្កបង្កើនផល។

– ស្នើសុំពង្រីកបណ្តាញអគ្គិសនីតភ្ជាប់ពីភូមិស្រែហ៊ុយ ទៅកាន់ភូមិថ្មី។

– ស្នើសុំពន្លឿនការចុះបញ្ជីដីធ្លី និងការចែកប័ណ្ណកម្មសិទ្ធិ (ប្លង់រឹង) ជូនប្រជាពលរដ្ឋ។

ជាការឆ្លើយតប នូវរាល់សំណួរ និងសំណូមពរដែលស្ថិតក្នុងដែនសមត្ថកិច្ច មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធបានធ្វើការបកស្រាយ បំភ្លឺ និងសម្រេចដោះស្រាយជូនភ្លាមៗនៅនឹងកន្លែង។ ដោយឡែក ចំពោះបញ្ហាស្មុគស្មាញ ឬហួសពីដែនសមត្ថកិច្ចថ្នាក់មូលដ្ឋាន ក្រុមការងារបានកត់ត្រា និងរៀបចំរបាយការណ៍លម្អិត ដើម្បីបញ្ជូនទៅថ្នាក់ដឹកនាំ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ពិនិត្យ និងមានវិធានការដោះស្រាយជាបន្តបន្ទាប់៕

Scroll to Top