តាកែវ៖ នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ស៊ីថា ជំនួយការសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ សុខ ស្រីរ៉ុង ព្រមទាំងសហការី រួមមាន លោក ណុប សុផាត លោក មន បុត្រ លោក ទិត ទុំ និងលោក មាស សុផល បាននាំយកទេយ្យទាន សម្ភារៈសិក្សា និងបច្ច័យទៅប្រគេនព្រះសង្ឃគង់នៅវត្តមឿងចារ ស្ថិតក្នុងឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ ដើម្បីចូលរួមចំណែកក្នុងការទ្រទ្រង់ជីវភាពប្រចាំថ្ងៃរបស់ព្រះសង្ឃ និងគាំទ្រដល់សកម្មភាពព្រះពុទ្ធសាសនា។
ទេយ្យទាននិងសម្ភារៈសិក្សា ដែលបាននាំយកទៅប្រគេនព្រះសង្ឃនាពេលនោះ រួមមាន សៀវភៅចំនួន ២៧ឡូ ប៊ិចចំនួន ៥០ដើម ថ្នាំដុសធ្មេញចំនួន ៣០ដុំ ច្រាសដុសធ្មេញចំនួន ១១០ដើម ប្រេងខ្យល់ចំនួន ២៧ដប ភេសជ្ជៈចំនួន ២កេស ទឹកសុទ្ធចំនួន ៦កេស និងត្រីខកំប៉ុងចំនួន ៤ឡូរ៍ ស្មើនឹង ២០កំប៉ុង។ ជាមួយគ្នានេះ ក៏បានប្រគេនបច្ច័យចំនួន ២០ម៉ឺនរៀល សម្រាប់ចូលរួមទ្រទ្រង់ចង្ហាន់ព្រះសង្ឃផងដែរ។
សកម្មភាពនេះ បង្ហាញពីការចូលរួមចំណែកក្នុងការលើកកម្ពស់វប្បធម៌នៃការធ្វើបុណ្យទាន ការចែករំលែក និងការជួយឧបត្ថម្ភដល់វិស័យព្រះពុទ្ធសាសនា ដែលជាផ្នែកមួយដ៏សំខាន់នៃប្រពៃណី និងជំនឿរបស់ប្រជាពលរដ្ឋខ្មែរ។
ការធ្វើបុណ្យប្រគេនទេយ្យទាននិងសម្ភារៈសិក្សាដល់ព្រះសង្ឃ ក៏ជាការរួមចំណែកក្នុងការថែរក្សាប្រពៃណីព្រះពុទ្ធសាសនា និងបន្តស្មារតីសាមគ្គីភាព ការចែករំលែក និងការជួយគ្នាទៅវិញទៅមកក្នុងសង្គមខ្មែរ៕


