ខេត្តត្បូងឃ្មុំ៖ ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ជីពាំង ឃុំក្រែក ស្រុកពញាក្រែក បានបង្ហាញការព្រួយបារម្ភ និងរិះគន់យ៉ាងខ្លាំងចំពោះភាពបើកចំហរនៃ ល្បែងស៊ីសងកន្ទុយលេខយួន ដែលកំពុងធ្វើសកម្មភាពយ៉ាងពេញបន្ទុក ដោយគ្មានអាជ្ញាធរឬសមត្ថកិច្ចណាចាត់វិធានការបង្ក្រាបឡើយ ខណៈពលរដ្ឋអាចចាក់ឆ្នោតទាំងនោះបានគ្រប់ទីកន្លែង។
តាមប្រភពពីប្រជាពលរដ្ឋបានបង្ហើបឲ្យដឹងថា មេឆ្នោតកន្ទុយលេខយួនដ៏ធំម្នាក់ឈ្មោះ ចែ សុខជា រស់នៅភូមិជីពាំង បានពង្រាយកូនកញ្ច្រែង (ភ្នាក់ងារប្រមូលលុយ) យ៉ាងសកម្មតាមបណ្ដាភូមិនានា ដូចជា៖ ភូមិជីពាំង,ភូមិគ,ភូមិមេម៉ៃ,និងភូមិស្អំ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ប្រភពដដែលបានបន្តថា ក្នុងមួយថ្ងៃៗ ល្បែងឆ្នោតកន្ទុយលេខយួនមួយនេះ ប្រមូលប្រាក់បានយ៉ាងសន្ធឹកសន្ធាប់ស្ទើរវាល់បាវ។ ផ្ទុយទៅវិញ គេបែរជាសង្កេតឃើញអាជ្ញាធរមូលដ្ឋាន ព្រមទាំងមន្ត្រីនគរបាលប៉ុស្តិ៍ រហូតដល់កម្រិតអធិការស្រុក ធ្វើមិនដឹងមិនឮ និងមិនដែលបង្ហាញសកម្មភាពចុះបង្ក្រាបទាល់តែសោះ។
ភាពអសកម្មនេះ បានធ្វើឲ្យប្រជាពលរដ្ឋមានការងឿងឆ្ងល់ និងខ្សឹបខ្សៀវគ្នាថា លោក ថាញ់ សុខវ៉ាត អធិការនគរបាលស្រុកពញាក្រែក ហាក់គ្មានសមត្ថភាព ឬមានទំនាក់ទំនងអាថ៌កំបាំងអ្វីម្យ៉ាងជាមួយ «ចែ សុខជា» ទើបបានជារបងការពារ និងមុខរបរខុសច្បាប់មួយនេះ អាចពង្រីកឥទ្ធិពលយ៉ាងរលូនទូទាំងស្រុកបែបនេះ។
ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋរស់នៅតាមបណ្ដាភូមិខាងលើ កំពុងសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហាអសន្តិសុខ សណ្ដាប់ធ្នាប់ និងអំពើចោរកម្មផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ដោយសារតែឥទ្ធិពលនៃល្បែងស៊ីសងខុសច្បាប់មួយនេះ។
ជាចុងក្រោយ ប្រជាពលរដ្ឋទាំងអស់ សូម ទទូចអំពាវនាវយ៉ាងទទូចដល់ លោកស្នងការនគរបាលខេត្តត្បូងឃ្មុំ មេត្តាជួយចាត់កម្លាំងជំនាញចុះស៊ើបអង្កេត និងឃ្លាំមើលសកម្មភាពល្បែងកន្ទុយលេខយួនរបស់ «ចែ សុខជា» នៅមូលដ្ឋានឃុំក្រែក ស្រុកពញាក្រែក នេះផង ដើម្បីធានាបាននូវសុខសន្តិភាព និងសេចក្ដីសុខសាន្តជូនដល់មូលដ្ឋានរស់នៅរបស់ពួកគាត់៕


