ជនជាតិចិនបើករថយន្តបុកស្ត្រីម្នាក់បាក់ដៃ បង់ប្រាក់ ១៣០០ដុល្លារ បើករថយន្តគេចខ្លួន មេប៉ុស្តិ៍ព្រះពុទ្ធរងការរិះគន់យ៉ាងធ្ងន់ ថាអនុវត្តច្បាប់ធូររលុង

ជនជាតិចិនបើករថយន្តបុកស្ត្រីម្នាក់បាក់ដៃ បង់ប្រាក់ ១៣០០ដុល្លារ បើករថយន្តគេចខ្លួន មេប៉ុស្តិ៍ព្រះពុទ្ធរងការរិះគន់យ៉ាងធ្ងន់ ថាអនុវត្តច្បាប់ធូររលុង

ខេត្តកណ្ដាល៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ ២ ត្រង់ចំណុចភូមិបុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦។ ហេតុការណ៍នេះបង្កឡើងដោយបុរសជនជាតិចិនឈ្មោះ Hu Desheng អាយុ ៦២ ឆ្នាំ បានបើករថយន្តបុកស្ត្រីម្នាក់ឈ្មោះ ង៉ែត សោភ័ណ្ឌ អាយុ ៤២ ឆ្នាំ បណ្ដាលឱ្យរងរបួសធ្ងន់ (បាក់ដៃ)។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា បុរសជនជាតិចិនរូបនេះបានបើកបរក្នុង «ស្ថានភាពស្រវឹង» ប៉ុន្តែអ្វីដែលធ្វើឱ្យមហាជនមានការងឿងឆ្ងល់ និងរិះគន់យ៉ាងខ្លាំងនោះ គឺជនបង្កមិនត្រូវបានឃាត់ខ្លួនដើម្បីអនុវត្តតាមនីតិវិធីច្បាប់នោះឡើយ។

លោក សៅ ឧត្តម នាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះពុទ្ធ បានឱ្យដឹងតាមទូរសព្ទនៅរសៀលថ្ងៃទី១៤ ខែតុលានេះថា មានការព្រមព្រៀងគ្នារវាងភាគីបង្ក និងភាគីរងគ្រោះ ដោយជនជាតិចិនបានប្រគល់ប្រាក់សំណងចំនួន ១,៣០០ ដុល្លារ ទៅឱ្យជនរងគ្រោះ រួចក៏បានបើករថយន្តចាកចេញពីកន្លែងកើតហេតុបាត់ទៅ។ លោកនាយប៉ុស្តិ៍បានទទួលស្គាល់ថា ភាគីជនជាតិចិនមានបណ្ណបើកបរ ប៉ុន្តែសមត្ថកិច្ច «មិនបានវាស់ជាតិអាល់កុល» នោះទេ។

ចំពោះការដោះលែង ឬបណ្ដែតបណ្ដោយឱ្យជនបង្កចាកចេញនេះ លោកមេប៉ុស្តិ៍បានបកស្រាយថា៖«យើងមិនបានវាស់ជាតិអាល់កុលទេ ហើយក៏មិនទាន់បានសួរនាំទៅជំនាញចរាចរណ៍ដែរ ដោយសាររូបខ្ញុំមិនសូវស្រួលខ្លួន។ តាមពិតយើងមិនទាន់អនុញ្ញាតឱ្យគាត់ទៅទេ ប៉ុន្តែគាត់បានបើកចេញទៅបាត់ ដោយសមត្ថកិច្ចមិនបានដឹងឡើយ»។

ទោះជាយ៉ាងណា ប្រភពខ្សឹបខ្សៀវពីប្រជាពលរដ្ឋបានសង្ស័យថា ជនបង្កបោះប្រាក់មួយចំនួនធំដើម្បីអាចចាកចេញពីកន្លែងកើតហេតុបានយ៉ាងរលូន ដោយគ្មានការយល់ព្រម ឬឆ្លងកាត់សមត្ថកិច្ចជំនាញចរាចរណ៍ឡើយ។ ការអនុវត្តភារកិច្ចខ្វះការយកចិត្តទុកដាក់ និងបណ្ដែតបណ្ដោយឱ្យជនបង្កក្នុងស្ថានភាពស្រវឹងចាកចេញបែបនេះ កំពុងបង្កើតជាមន្ទិលសង្ស័យយ៉ាងខ្លាំងក្នុងចំណោមសាធារណជន។

ជុំវិញករណីនេះ លោក ប៉ុន សំអុលបញ្ញា មន្ត្រីការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានគូសបញ្ជាក់ថា ទង្វើរបស់លោក សៅ ឧត្តម មេប៉ុស្តិ៍ឃុំព្រះពុទ្ធ គឺជា «ការអនុវត្តច្បាប់មិនត្រឹមត្រូវ និងខ្វះការយកចិត្តទុកដាក់លើការងារយ៉ាងធ្ងន់ធ្ងរ»តាមច្បាប់សមត្ថកិច្ចត្រូវវាយខ្នោះទៅលើជនបង្កដើម្បីយកមកអនុវត្តតាមនីតិវិធី។

ដោយឡែក លោក ឡេង សុខរុន អធិការនគរបាលស្រុកកណ្ដាលស្ទឹង បានមានប្រសាសន៍ថា លោកមិនទាន់បានទទួលព័ត៌មានជុំវិញករណីនេះនៅឡើយទេ ដោយសារខាងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះពុទ្ធមិនបានធ្វើកំណត់ហេតុ ឬរាយការណ៍មកកាន់អធិការដ្ឋាននោះឡើយ។

មហាជន និងប្រជាពលរដ្ឋកំពុងទទូចស្នើសុំឱ្យ លោកស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល មេត្តាចាត់កម្លាំងជំនាញស៊ើបអង្កេត និងត្រួតពិនិត្យករណីនេះឱ្យបានច្បាស់លាស់ ដើម្បីស្វែងរកការពិត និងអនុវត្តច្បាប់ឱ្យមានតម្លាភាព៕

 

Scroll to Top