តាកែវ៖ នាព្រឹកថ្ងៃទី ០៦ ខែតុលា ឆ្នាំ ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំប្រតិភូ និងក្រុមការងារសាខា-អនុសាខាកាកបាទក្រហមស្រុកទ្រាំង ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋចំនួន ១២ គ្រួសារ ដែលជាគ្រួសារទីទ័លក្រ និងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង រស់នៅក្នុងភូមិត្រពាំងកក់ និងភូមិអង្គកែវ ឃុំអង្គកែវ ស្រុកទ្រាំង ខេត្តតាកែវ។
ក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាង បានពាំនាំនូវបណ្តាំផ្ញើសួរសុខទុក្ខ និងការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ទិសទី ដោយឈរលើគោលការណ៍ «មិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារការដាច់បាយ ឬរងគ្រោះដោយគ្មានការជួយជ្រោមជ្រែងនោះឡើយ»។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានសម្តែងនូវការសោកស្តាយចំពោះការខូចខាត និងផលប៉ះពាល់ដែលបង្កឡើងដោយគ្រោះធម្មជាតិនេះ ព្រមទាំងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់លើការថែរក្សាសុខភាព អនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន ជាពិសេសត្រូវយកចិត្តទុកដាក់មើលថែកុមារតូចៗ និងមនុស្សចាស់ជរា ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ។
សម្ភារ និងថវិកាដែលបានផ្តល់ជូនប្រជាពលរដ្ឋទាំង ១២ គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ២៥ គីឡូក្រាម, មី ១ កេស, ត្រីខ ១ យួរ, ប្រេងឆា ១ លីត្រ, ទឹកត្រី ៣ ដប, ទឹកស៊ីអ៊ីវ ៣ ដប និងនំ ១ កញ្ចប់,កន្ទេល ១, មុង ១, ភួយ ១, សារុង ១ និងក្រមា ១ និងឧបត្ថម្ភថវិកា ចំនួន ២០,០០០ រៀល (ពីរម៉ឺនរៀល)៕


