កំពង់ចាម៖ នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងលោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត បានអញ្ជើញដឹកនាំមន្ត្រីរាជការ និងពុទ្ធបរិស័ទ ប្រារព្ធពិធីកាន់បិណ្ឌវេនទី១០ នៅវត្តខេមវ័ន (ហៅវត្តបឹងស្នាយ) ស្ថិតក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត មន្ត្រីរាជការតាមមន្ទីរ-អង្គភាពជុំវិញខេត្ត ព្រមទាំងប្រជាពុទ្ធបរិស័ទជិតឆ្ងាយយ៉ាងច្រើនកុះករ។
នៅក្នុងឱកាសប្រកបដោយទឹកចិត្តជ្រះថ្លានេះ ឯកឧត្តម អ៊ុន ចាន់ដា និងឯកឧត្តម ខ្លូត ផន ព្រមទាំងប្រតិភូរួមដំណើរ បានអញ្ជើញរៀបចំពិធីវេរភត្តាហារ ប្រគេនព្រះសង្ឃ និងបាននាំយកនូវបច្ច័យ ទេយ្យទាន ព្រមទាំងគ្រឿងឧបភោគបរិភោគជាច្រើន ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅក្នុងវត្តចំនួន៤ ក្នុងក្រុងកំពង់ចាម រួមមាន៖ វត្តជោតនារាម (ហៅ បឹងកុក), វត្តសុទស្សនារាម (ហៅ ជ្រោយថ្ម), វត្តខេមវ័ន (ហៅ បឹងស្នាយ), វត្តបទុមរតនៈ (ហៅ ដីដុះ)។
ការវេរប្រគេនទេយ្យទាន និងបច្ច័យនាពេលនេះ គឺដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន មានមាតាបិតា ជីដូនជីតា និងញាតិកាលទាំងប្រាំពីរសន្តាន និងជាពិសេសឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ព ដែលបានពលីជីវិតក្នុងសមរភូមិ ដើម្បីបុព្វហេតុជាតិ និងមាតុភូមិ។
នាឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានណែនាំដល់កងកម្លាំងសមត្ថកិច្ចទាំងអស់ ឱ្យបន្តពង្រឹងការងារការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរបន្ថែមទៀត ដើម្បីបង្កលក្ខណៈងាយស្រួល និងផ្តល់ភាពកក់ក្តៅជូនពួកគាត់ក្នុងការធ្វើដំណើរមកធ្វើបុណ្យទានក្នុងរដូវកាលភ្ជុំបិណ្ឌនេះ៕


