ខេត្តក្រចេះ៖ កម្លាំងចម្រុះខេត្តក្រចេះបានបើកប្រតិបត្តិការទ្រង់ទ្រាយធំ រយៈពេល ២ថ្ងៃជាប់ៗគ្នា គឺនៅថ្ងៃទី០៤ និងទី០៥ ខែតុលា ឆ្នាំ២០២៦ ដោយបានចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់យ៉ាងក្តៅគគុកនៅតាមដងព្រែកឆ្លូង ស្ថិតក្នុងភូមិសាស្ត្រស្រុកឆ្លូង ខេត្តក្រចេះ។
ប្រតិបត្តិការនេះដឹកនាំដោយមន្ត្រីខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ដោយមានការចូលរួមសហការពីកម្លាំងអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងគណៈកម្មការស្រុកទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។ ក្នុងសកម្មភាពនេះ កម្លាំងសមត្ថកិច្ចសរុប ១៦នាក់ បានប្រើប្រាស់ទូកម៉ាស៊ីនចំនួន ៣គ្រឿង ដើម្បីជិះល្បាត និងស្វែងរកបទល្មើស។
ជាលទ្ធផលនៃការចុះបង្រ្កាបនេះ កម្លាំងជំនាញសម្រេចបាន៖ ឧបករណ៍ដាយចាប់ត្រីខុសច្បាប់ចំនួន ៨វង់ (ដែលមានទំហំមុខពី ៧ម-១៥ម, ប្រវែងបណ្តោយពី ៤០ម-៦០ម និងទំហំក្រឡា ២សម-៩សម), ខ្សែពួរប្រវែង ២៥០ម៉ែត្រ, ធុងជ័រ ៤គ្រឿង និងកានជ័រ ៧គ្រឿង។
ឧបករណ៍ដាយចាប់ត្រីចំនួន ១វង់ (ទំហំមុខ ៧ម, បណ្តោយ ៤០ម និងក្រឡា ២សម-៧សម) យកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលជលផលក្រចេះ ដើម្បីរង់ចាំសុំគោលការណ៍សម្រេចចំណាត់ការបន្តពីថ្នាក់ដឹកនាំ។
បានចាក់លែងត្រីចម្រុះទម្ងន់ប្រមាណ ១៥០គីឡូក្រាម ចូលទៅក្នុងដែនទឹកធម្មជាតិវិញភ្លាមៗ។
ដោយឡែក ចំពោះជនល្មើសជាម្ចាស់វត្ថុតាងទាំងនោះ បានដឹងខ្លួនមុន និងលួចរត់គេចខ្លួនបាត់ស្រមោល មុនពេលកម្លាំងសមត្ថកិច្ចចម្រុះធ្វើដំណើរទៅដល់ទីតាំងកើតហេតុ។
ក្នុងឱកាសនោះដែរ លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានថ្លែងអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមសហការជាមួយអាជ្ញាធរ ដោយត្រូវបញ្ឈប់រាល់សកម្មភាពប្រើប្រាស់ឧបករណ៍នេសាទល្មើសច្បាប់គ្រប់ប្រភេទ ដើម្បីរួមគ្នារក្សា និងអភិរក្សធនធានមច្ឆជាតិឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ៕


