សមត្ថកិច្ចរឹបអូសពស់ជាង ២០០គីឡូក្រាមនៅស្រុកស្អាង ខណៈមន្ត្រីអង្គការអភិរក្ស(NRCD) ឈ្មោះប៊ិន រងការចោទថាបានជួយរំដោះជនសង្ស័យ

សមត្ថកិច្ចរឹបអូសពស់ជាង ២០០គីឡូក្រាមនៅស្រុកស្អាង ខណៈមន្ត្រីអង្គការអភិរក្ស(NRCD) ឈ្មោះប៊ិន រងការចោទថាបានជួយរំដោះជនសង្ស័យ

ខេត្តកណ្តាល៖ សត្វពស់ថ្លាន់ និងពស់ចម្រុះសរុបជិត ១៩៤ គីឡូក្រាម ដែលជាប្រភេទសត្វព្រៃត្រូវបានការពារ និងបង្កប់ក្រោមត្រី អន្ទង់ និងខ្យង ត្រូវបានកម្លាំងជំនាញស្ទាក់បង្ក្រាបបាន ខណៈកំពុងដឹកជញ្ជូនយកទៅលក់នៅលើទីផ្សារងងឹត។ យ៉ាងណាមិញ ក្នុងប្រតិបត្តិការនោះ ជនសង្ស័យម្នាក់បានរត់គេចខ្លួនបាត់ ឯជនសង្ស័យម្នាក់ទៀត ត្រូវបានគេរាយការណ៍ថា មានមន្ត្រីអង្គការអភិរក្ស (NRCD) ម្នាក់ឈ្មោះ ប៊ិន បានមកអន្តរាគមន៍រំដោះយកទៅបាត់។

ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងកាលពីចុងសប្តាហ៍កន្លងទៅ ដឹកនាំដោយលោក ហេង សុភារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល សហការជាមួយសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ដោយបានឆ្មក់ស្ទាក់បង្ក្រាបករណីដឹកជញ្ជូន និងជួញដូរសត្វព្រៃដោយខុសច្បាប់ នៅតាមបណ្តោយផ្លូវលេខ ១១០ ស្ថិតក្នុងភូមិរកាក្រោម ឃុំខ្ពប ស្រុកស្អាង។

លោកនាយខណ្ឌរដ្ឋបាលជលផល បានបញ្ជាក់នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ នេះថា បន្ទាប់ពីទទួលបានរាយការណ៍ពីប្រជាពលរដ្ឋថា មានបុរស-ស្ត្រី ២នាក់ ជិះម៉ូតូ ២គ្រឿង (ហុងដា C125 ពណ៌ខ្មៅ ១គ្រឿង និងហុងដា Wave ១គ្រឿង) ដឹកសត្វព្រៃមានដូចជា ពស់ និងអណ្តើក ចេញពីភូមិសាស្ត្រឃុំប្រាសាទ យកទៅលក់ឱ្យឈ្មួញ លោកក៏បានបញ្ជាឱ្យកម្លាំងជំនាញដឹកនាំដោយលោក ទេព ទូច ចុះឃ្លាំមើល។

ពេលឃើញមុខសញ្ញានិងភិនភាគដូចការរាយការណ៍ សមត្ថកិច្ចបានឃាត់សួរនាំ ប៉ុន្តែភ្លាមៗនោះ ជនសង្ស័យជាបុរសបានរត់គេចខ្លួន បន្សល់ទុកម៉ូតូ និងស្ត្រីម្នាក់ជាបក្ខពួក។ ប៉ុន្តែ អំឡុងពេលសមត្ថកិច្ចកំពុងបញ្ជូនវត្ថុតាង និងស្ត្រីសង្ស័យទៅកាន់សាលាស្រុកស្អាង ស្រាប់តែមានបុរសម្នាក់ឈ្មោះ ប៊ិន អះអាងថាមន្ត្រីអង្គការអភិរក្ស (NRCD) បានបើករថយន្តមកអន្តរាគមន៍រំដោះស្ត្រីសង្ស័យរូបនោះយកទៅបាត់។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ និងតាមប្រមាញ់ជនល្មើស ព្រមទាំងបុគ្គលពាក់ព័ន្ធ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល ចាត់ការតាមនីតិវិធីច្បាប់។ ចំណែកឯសត្វពស់ទាំងអស់ រួមមានពស់ថ្លាន់ ១៧១ គីឡូក្រាម និងពស់ចម្រុះ ២៣ គីឡូក្រាម ត្រូវបានប្រគល់ជូនខណ្ឌរដ្ឋបាលព្រៃឈើខេត្តកណ្តាល ដើម្បីសង្គ្រោះ និងរៀបចំលែងចូលទៅក្នុងព្រៃធម្មជាតិវិញ៕

 

Scroll to Top