កណ្តាល៖ អាជ្ញាធរមានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ បានបញ្ជូនខ្លួនគ្រូពេទ្យម្នាក់ ដែលជាម្ចាស់គ្លីនិកឯកជន ទៅកាន់សាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីប្រើហិង្សាដោយចេតនា វាយដំលើស្ត្រីជាគូស្នេហ៍បណ្តាលឱ្យរងរបួសផ្ទៃមុខយ៉ាងធ្ងន់ធ្ងរ ដោយសារតែភ្លើងប្រចណ្ឌ។
ការបញ្ជូនខ្លួនជនសង្ស័យទៅកាន់តុលាការនេះ ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ បន្ទាប់ពីកម្លាំងផ្នែកនគរបាលយុត្តិធម៌ បានបើកការស្រាវជ្រាវ និងឃាត់ខ្លួនជនល្មើសជាបន្តបន្ទាប់ ក្រោយទទួលបានបណ្តឹងពីស្ត្រីរងគ្រោះ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍ហិង្សានេះបានកើតឡើងតាំងពីវេលាម៉ោង ៣:៣០ នាទីរសៀល ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ កន្លងទៅ ស្ថិតនៅក្នុងភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ មូលហេតុដែលឈានដល់ការប្រើអំពើហិង្សាយ៉ាងព្រៃផ្សៃនេះ គឺបណ្តាលមកពីទំនាស់ពាក្យសម្តី និងការប្រចណ្ឌខុសទំនង រហូតធ្វើឱ្យជនសង្ស័យដែលជាវេជ្ជបណ្ឌិតរូបនោះ គ្រប់គ្រងអារម្មណ៍មិនបាន ហើយបានប្រើកណ្តាប់ដៃវាយប្រហារទៅលើផ្ទៃមុខនារីរងគ្រោះយ៉ាងដំណំរហូតដល់ហើមប៉ោង។
យ៉ាងណាម៉ិញ ជុំវិញចំណាត់ការនៃសំណុំរឿងនេះ លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ រួមទាំងសមត្ថកិច្ចពាក់ព័ន្ធ កំពុងរងការរះគន់យ៉ាងក្តៅគគុកពីសំណាក់មហាជន និងបណ្តាញសារព័ត៌មាន បន្ទាប់ពីបានព្យាយាមលាក់បាំងឈ្មោះ និងអត្តសញ្ញាណរបស់ជនសង្ស័យរូបនោះយ៉ាងជិត ដោយមិនបានបង្ហាញជាសាធារណៈដូចករណីផ្សេងទៀតឡើយ។
បច្ចុប្បន្ន ជនសង្ស័យកំពុងស្ថិតក្រោមការសាកសួរ និងចាត់ការតាមនីតិវិធីផ្លូវច្បាប់នៅសាលាដំបូងខេត្តកណ្តាល ដើម្បីផ្តន្ទាទោសទៅតាមអំពើដែលខ្លួនបានប្រព្រឹត្ត៕


