ផ្លូវបេតុងចូលភូមិព្រៃទទឹងខូចខាតស្ទើរទាំងស្រុង ពលរដ្ឋរអ៊ូរទាំ ខណៈចៅហ្វាយស្រុក និងមន្ទីរសាធារណការ ហាក់មើលរំលង! ស្នើសុំអភិបាលខេត្តកណ្តាល មេត្តាជួយអន្តរាគមន៍ជាបន្ទាន់

ផ្លូវបេតុងចូលភូមិព្រៃទទឹងខូចខាតស្ទើរទាំងស្រុង ពលរដ្ឋរអ៊ូរទាំ ខណៈចៅហ្វាយស្រុក និងមន្ទីរសាធារណការ ហាក់មើលរំលង! ស្នើសុំអភិបាលខេត្តកណ្តាល មេត្តាជួយអន្តរាគមន៍ជាបន្ទាន់

ខេត្តកណ្តាល៖ ទុក្ខសោក និងការរអ៊ូរទាំរបស់ប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវបេតុង ចូលទៅភូមិព្រៃទទឹង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល កំពុងតែកើតមានឡើងយ៉ាងខ្លាំង ដោយសារតែផ្លូវបេតុងមួយខ្សែនេះ បានខូចខាតបាក់បែកស្ទើរទាំងស្រុង ប៉ុន្តែបែរជាមិនទាន់មានការយកចិត្តទុកដាក់ជួសជុល ឬដោះស្រាយឱ្យបានទាន់ពេលវេលាពីអាជ្ញាធរស្រុក និងជំនាញពាក់ព័ន្ធនោះឡើយ។

ប្រភពពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបានរាយការណ៍ថា៖រដូវប្រាំងផ្លូវពេញដោយជង្ហុកធំៗ សំបុកមាន់ រលាក់ខ្លាំង និងហុយទ្រលោម ប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព និងការរស់នៅ។

ចូលដល់រដូវវស្សានេះទឹកលិចលង់គ្របដណ្តប់លើផ្លូវ មើលមិនយល់ពីជម្រៅជង្ហុក បង្កជាហានិភ័យ និងគ្រោះថ្នាក់ចរាចរណ៍ជារៀងរាល់ថ្ងៃ ជាពិសេសចំពោះសិស្សានុសិស្ស មនុស្សចាស់ និងព្រះសង្ឃ។

ជាក់ស្តែង នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ នេះ ដែលត្រូវជា «រដូវបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ» ប្រជាពលរដ្ឋ តុបតែងខ្លួនធ្វើដំណើរទៅវត្តអារាម ទៅសាលារៀន ទៅផ្សារ និងប្រកបរបរចិញ្ចឹមជីវិត ប្រឈមនឹងការលំបាកយ៉ាងខ្លាំង ដោយសារតែស្ថានភាពផ្លូវរអិល លិចទឹក និងមានជង្ហុកគ្រោះថ្នាក់គ្រប់ជំហាន។

តើលោក នូ សុវណ្ណារិទ្ធិ ចៅហ្វាយស្រុកអង្គស្នួល និងមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល គួរតែភ្ញាក់រលឹក ចុះពិនិត្យដល់ទីតាំងជាក់ស្តែងហើយឬនៅ?

ការបណ្តែតបណ្តោយឱ្យផ្លូវមួយខ្សែនេះខូចខាតដល់កម្រិតនេះ ដោយគ្មានវិធានការជួសជុលបណ្តោះអាសន្ន ឬកសាងឡើងវិញ ស្តែងឱ្យឃើញពីកង្វះការយកចិត្តទុកដាក់ និងភាពយឺតយ៉ាវក្នុងការឆ្លើយតបចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ពីសំណាក់លោកចៅហ្វាយស្រុកអង្គស្នួល និងភាគីមន្ទីរជំនាញសាធារណការខេត្ត។

អាស្រ័យហេតុនេះ ប្រជាពលរដ្ឋក្នុងភូមិព្រៃទទឹង ឃុំក្រាំងម្កាក់ សូមគោរពស្នើសុំយ៉ាងទទូចដល់ ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តកណ្តាល មេត្តាជួយពិនិត្យ មើល និងមាន «វិធានការក្តៅ» ជម្រុញ ឬបញ្ជាទៅលោកចៅហ្វាយស្រុកអង្គស្នួល និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ចុះពិនិត្យ និងចាត់វិធានការជួសជុលផ្លូវមួយខ្សែនេះ ឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីសម្រួលដល់ការធ្វើដំណើរ និងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋមិនទាមទារអ្វីហួសហេតុនោះទេ ពួកគេគ្រាន់តែត្រូវការ «ផ្លូវដែលមានសុវត្ថិភាពសម្រាប់ធ្វើដំណើរ» ប៉ុណ្ណោះ!៕

Scroll to Top