ខេត្តព្រះវិហារ-ឧត្តរមានជ័យ៖ នាឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្យ ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងពាំនាំសម្ភារ គ្រឿងឧបភោគបរិភោគ និងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងសប្បុរសជន ចែកជូនដល់វីរកងទ័ព និងវីរនគរបាលការពារព្រំដែន សមរភូមិមុខ ទិសខេត្តព្រះវិហារ-ឧត្តរមានជ័យ ក្នុងស្មារតី «សមរភូមិក្រោយ និងសមរភូមិមុខ គឺតែមួយ», «ខ្មែរស្រឡាញ់ខ្មែរ» និង «ខ្មែរបេះដូងឈាមជ័រតែមួយ»។
នៅក្នុងឱកាសដ៏មានអត្ថន័យនេះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីរលឹកអាឡោះអាឡោះអាល័យយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្ញើជូនដល់វីរកងទ័ព និងវីរនគរបាលជាតិ ដែលជានាយទាហាន នាយទាហានរង ពលទាហាន ព្រមទាំងនាយ-ពលនគរបាលទាំងអស់។
ឯកឧត្តមបានបញ្ជាក់ថា សម្តេចតែងតែនឹកគិត និងយកចិត្តទុកដាក់ចំពោះកងកម្លាំងប្រដាប់អាវុធរបស់យើងគ្រប់ពេលវេលា។ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ សម្តេចបានប្រសិទ្ធពរជ័យជូនកងកម្លាំងទាំងអស់ សូមមានសុខភាពល្អបរិបូណ៌ កម្លាំងមាំមួន ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងទទួលបានជោគជ័យក្នុងបេសកកម្មការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ពីគ្រប់ការរំលោភបំពាន។
ឯកឧត្តម អភិបាលខេត្ត បានថ្លែងបន្តថា សភាពការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ បច្ចុប្បន្នមានសភាពផុយស្រួយ ដែលបង្កដោយភាគីយោធាថៃ តាមរយៈការបង្កើតនូវបាតុភាព ឬសកម្មភាពអុជអាលឱ្យមានការប៉ះទង្គិចគ្នា។ ប៉ុន្តែកងកម្លាំងប្រដាប់អាវុធ និងកងយោធពលខេមរភូមិន្ទរបស់យើងនៅទីនេះ បានគោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជា និងគោលការណ៍ណែនាំពីមេបញ្ជាការ និងប្រមុខរាជរដ្ឋាភិបាល ទើបយើងអាចរក្សាបាននូវភាពស្ងប់ស្ងាត់មកទល់ពេលនេះ។
«បើយើងប្រើកម្លាំង ទល់នឹងកម្លាំង គឺជៀសមិនរួចពីការប៉ះទង្គិចគ្នា ហើយនាំមកនូវការខូចខាតទាំងសងខាង។ ដូច្នេះហើយ ទើបប្រមុខរាជរដ្ឋាភិបាលបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ សូមឱ្យកងកម្លាំងយើងបន្តរក្សានូវគោលជំហរ ស្តាប់នូវគោលការណ៍ និងបទបញ្ជារបស់មេបញ្ជាការឱ្យបានខ្ជាប់ខ្ជួន»។
ជាទីបញ្ចប់ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងនូវការលើកទឹកចិត្ត និងគាំទ្រយ៉ាងពេញទំហឹងចំពោះកងកម្លាំងដែលកំពុងឈរជើងបំពេញភារកិច្ចនៅសមរភូមិមុខ ទិសខេត្តព្រះវិហារ-ឧត្តរមានជ័យ ដោយបានប្តេជ្ញារួមគ្នាក្នុងការការពារខ្សែបន្ទាត់ព្រំដែនកម្ពុជា ឱ្យក្លាយជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍជាបន្តទៀត៕


