អាស្រូវគម្រោងផ្លូវមូលនិធិឃុំជាង ៥០០លានរៀល! ពលរដ្ឋជិត ១០០គ្រួសារនៅស្រុកព្រះស្តេច ផ្តិតមេដៃបដិសេធមិនទទួលយក ក្រោយធ្វើរួចប្រែក្លាយជាភក់ជ្រំដើរមិនរួច

អាស្រូវគម្រោងផ្លូវមូលនិធិឃុំជាង ៥០០លានរៀល! ពលរដ្ឋជិត ១០០គ្រួសារនៅស្រុកព្រះស្តេច ផ្តិតមេដៃបដិសេធមិនទទួលយក ក្រោយធ្វើរួចប្រែក្លាយជាភក់ជ្រំដើរមិនរួច

ខេត្តព្រៃវែង៖ រលកនៃកំហឹង និងការខកបំណងយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋជិត ១០០គ្រួសារ រស់នៅក្នុងភូមិនីមួយៗ រួមមានភូមិតាម៉ៅ ភូមិតាហ៊េល ក និងភូមិតាហ៊េល ខ ស្ថិតក្នុងឃុំរាធរ ស្រុកព្រះស្តេច ខេត្តព្រៃវែង បាននាំគ្នាផ្តិតមេដៃរួមគ្នា បដិសេធមិនទទួលយកគម្រោងសាងសង់ផ្លូវមូលនិធិឃុំ សម្រាប់ឆ្នាំ២០២៥-២០២៦ ដែលមានទំហំទឹកប្រាក់សរុបជាង ៥០០លានរៀលនោះឡើយ។

ការបដិសេធនេះ បានធ្វើឡើងបន្ទាប់ពីលទ្ធផលជាក់ស្តែងបង្ហាញថា ផ្លូវដែលទើបធ្វើរួចមិនបានប៉ុន្មានថ្ងៃផង ក៏ប្រែក្លាយជាភក់វ៉ល់ ហូរច្រោះ រហូតមិនអាចសូម្បីតែជិះកង់កាត់បាន។

តំណាងប្រជាពលរដ្ឋបានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍ផ្លូវប្រវែងប្រហែល ១០គីឡូម៉ែត្រនេះ គឺជាការបូកបញ្ចូលគ្នានៃកញ្ចប់ថវិកាមូលនិធិឃុំឆ្នាំ២០២៥ (ដែលមិនបានអនុវត្ត) និងឆ្នាំ២០២៦ ដែលមានទឹកប្រាក់សរុបជាង ៥០០លានរៀល។

តាមកិច្ចសន្យាដើម ផ្លូវនេះត្រូវចាក់ខ្សាច់ភ្នំកម្រាស់ ១តឹកកន្លះ និងមានមុខកាត់ទទឹង ៥ម៉ែត្រ។ ប៉ុន្តែ ក្រុមហ៊ុនអនុវត្តគម្រោង (ក្រុមហ៊ុន លី ម៉េងហាក់) បានផ្លាស់ប្តូរទិសដៅមកធ្វើតាមភូមិវិញ ដោយអះអាងថា “គ្មានខ្សាច់ភ្នំ”។

អ្វីដែលធ្វើឱ្យប្រជាពលរដ្ឋក្តៅក្រហាយបំផុតនោះគឺ ផ្លូវដែលធ្វើរួចរាល់ មិនត្រឹមតែមិនត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលិចលង់ដោយភក់ជ្រំជម្រៅលិចកជើង និងមានទឹកហូរលើផ្លូវថែមទៀតផង។ ពលរដ្ឋបានលើកឡើងថា៖ «កុំថាឡើយនិយាយដល់បច្ចេកទេសមាំទាំដូចឃុំគេ ត្រឹមផ្លូវដែលធ្វើរួចបានប៉ុន្មានថ្ងៃនេះ សូម្បីតែជិះកង់ក៏ជិះមិនរួចផង តើឱ្យពួកយើងទទួលយកយ៉ាងម៉េចកើត?»។

ករណីនេះបានបង្កើតឱ្យមានចម្ងល់កាន់តែខ្លាំង បន្ទាប់ពីមានព័ត៌មានផ្ទុយគ្នារវាងអាជ្ញាធរឃុំ៖

ស្មៀនឃុំរាធរ បានប្រាប់ពលរដ្ឋថា គម្រោងធ្វើផ្លូវទាំង ២ឆ្នាំនេះ ត្រូវបានបញ្ចប់សព្វគ្រប់តាំងពីកំឡុងខែកក្កដា ឆ្នាំ២០២៦ ម្ល៉េះ ហើយក្រុមហ៊ុនក៏បានបើកប្រាក់រួចរាល់អស់ហើយដែរ។

រីឯលោក ប៉ុន សុខន មេឃុំរាធរ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ នេះ បានចេញមុខបដិសេធការលើកឡើងរបស់ស្មៀន ដោយបញ្ជាក់ថា គម្រោងនេះមិនទាន់បញ្ចប់នៅឡើយទេ។ លោកបានបញ្ជាក់ថា គម្រោងឆ្នាំ២០២៥ ប្រវែងជាង ១៦គីឡូម៉ែត្របានបញ្ចប់ហើយ តែដោយសារកកស្ទះខ្សាច់ភ្នំ ទើបគម្រោងឆ្នាំ២០២៦ ដែលក្រុមហ៊ុន លី ម៉េងហាក់ ដេញថ្លៃបានដដែលនោះ ត្រូវបន្តធ្វើទៀត។

ចំពោះគម្រោងឆ្នាំ២០២៦ ដើមឡើយត្រូវធ្វើផ្លូវប្រវែងជាង ១២គីឡូម៉ែត្រ ដោយសារត្រូវពង្រីកទទឹងដល់ ៦ម៉ែត្រ ទើបបង្រួញប្រវែងមកត្រឹមជាង ១០គីឡូម៉ែត្រវិញ។ លើសពីនេះ លោកមេឃុំបានស្បថស្បែ និងទម្លាក់កំហុសទៅលើសត្វគោរបស់អ្នកភូមិថា «មកពីសត្វគោរបស់អ្នកភូមិដើរចុះឡើង ចំរដូវវស្សា ទើបធ្វើឱ្យផ្លូវបែកភក់បែបនេះ»។

ទោះជាយ៉ាងណា ប្រជាពលរដ្ឋក្នុងមូលដ្ឋានមិនជឿលើការបកស្រាយរបស់លោកមេឃុំឡើយ ដោយពួកគេបានចោទប្រកាន់ចំៗថា នេះជាអំពើពុករលួយ និងជាការឃុបឃិតគ្នាយ៉ាងជាក់ស្តែង រវាងអាជ្ញាធរឃុំ និងក្រុមហ៊ុនទទួលការ។

យោងតាមគោលការណ៍កិច្ចព្រមព្រៀងគម្រោង ការប្រគល់-ទទួលផ្លូវជាផ្លូវការ អាចធ្វើទៅបានលុះត្រាតែមានការយល់ព្រម និងទទួលស្គាល់ពីប្រជាពលរដ្ឋក្នុងមូលដ្ឋានជាមុនសិន។ ប៉ុន្តែដោយសារស្ថានភាពផ្លូវខូចខាតធ្ងន់ធ្ងរមិនអាចទទួលយកបានបែបនេះ ពលរដ្ឋបានសម្រេចចិត្តផ្តិតមេដៃរួមគ្នា បដិសេធមិនទទួលយកជាដាច់ខាត។

ប្រជាពលរដ្ឋឃុំរាធរ ស្រុកព្រះស្តេច សូមអំពាវនាវយ៉ាងទទូចដល់អាជ្ញាធរថ្នាក់ដឹកនាំខេត្តព្រៃវែង និងក្រសួងមហាផ្ទៃ មេត្តាចាត់កម្លាំងចុះបើកការស៊ើបអង្កេតជាបន្ទាន់ ចំពោះការប្រើប្រាស់ថវិកាមូលនិធិឃុំឆ្នាំ២០២៥-២០២៦ របស់ឃុំរាធរ ដើម្បីស្វែងរកការពិត ផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋ ព្រមទាំងចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គលពាក់ព័ន្ធទាំងឡាយណាដែលបានកាត់ឆ្វៀលថវិការដ្ឋយកទៅធ្វើផលប្រយោជន៍ផ្ទាល់ខ្លួន៕

Scroll to Top