សមត្ថកិច្ចឃាត់ខ្លួនអ្នកបើកបររថយន្តសាលាឯកជនម្នាក់ ករណីបៀតបៀនកេរ្តិ៍ខ្មាស់លើសិស្សស្រីជាង ៤០នាក់ នៅស្រុកអង្គស្នួល

សមត្ថកិច្ចឃាត់ខ្លួនអ្នកបើកបររថយន្តសាលាឯកជនម្នាក់ ករណីបៀតបៀនកេរ្តិ៍ខ្មាស់លើសិស្សស្រីជាង ៤០នាក់ នៅស្រុកអង្គស្នួល

ខេត្តកណ្ដាល៖ កម្លាំងនគរបាលខេត្តកណ្ដាល បានចុះឆ្មក់ចាប់ខ្លួនអ្នកបើកបររថយន្តដឹកសិស្សសាលាឯកជនម្នាក់ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ នេះ ពាក់ព័ន្ធករណីប្រព្រឹត្តទង្វើអាណាចារ្យ និងបៀតបៀនកេរ្តិ៍ខ្មាស់លើកុមារីជាសិស្សសាលាជាង ៤០នាក់ នៅចំនុចភូមិបឹង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល ក្រោយទទួលបានបណ្តឹងពីក្រុមគ្រួសារ និងអាណាព្យាបាលសិស្សរងគ្រោះ។

លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានបញ្ជាក់ថា ករណីនេះពិតជាបានកើតឡើងពិតប្រាកដមែន ដោយមានកម្លាំងជំនាញថ្នាក់ខេត្តចុះមកសហការ និងដឹកនាំការបង្ក្រាបដោយផ្ទាល់។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានឱ្យដឹងថា កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន កំពុងដកស្រង់ចម្លើយ និងបន្តនីតិវិធីលើសំណុំរឿងនេះយ៉ាងយកចិត្តទុកដាក់ ខណៈព័ត៌មានលម្អិតបន្ថែម សមត្ថកិច្ចរង់ចាំការស្រាវជ្រាវឱ្យបានគ្រប់ជ្រុងជ្រោយជាមុនសិន។

យោងតាមប្រភពពីប្រជាពលរដ្ឋ និងអាណាព្យាបាលនៅទីតាំងកើតហេតុ បានឱ្យដឹងថា ជនសង្ស័យបានធ្វើសកម្មភាពបៀតបៀនកេរ្តិ៍ខ្មាស់លើកុមារីរងគ្រោះ ដែលមានអាយុចន្លោះពី ៧ឆ្នាំ ដល់ ១៣ឆ្នាំ ប្រមាណជា ៤០នាក់ ដោយបានប្រព្រឹត្តនៅលើរថយន្តដឹកសិស្ស និងពេលខ្លះបានដឹកកុមារីទាំងនោះទៅកាន់ទីតាំងស្ងាត់។ ប្រភពដដែលបានបន្តថា ជនសង្ស័យតែងអាងខ្លួនត្រូវជាប្អូនប្រុសរបស់នាយកសាលា ទើបហ៊ានធ្វើសកម្មភាពបែបនេះ។ មហាជន និងអាណាព្យាបាលបានសម្តែងការខឹងសម្បារយ៉ាងខ្លាំង និងស្នើឱ្យស្ថាប័នតុលាការចាត់ការផ្តន្ទាទោសជនល្មើសឱ្យធ្ងន់ធ្ងរបំផុតតាមច្បាប់។

យ៉ាងណាមិញ នាយកសាលាឯកជនខាងលើ (សុំមិនបញ្ចេញឈ្មោះ) បានចេញមុខបដិសេធព័ត៌មានដែលថា ជនសង្ស័យត្រូវជាប្អូនប្រុសបង្កើតរបស់ខ្លួន ដោយបញ្ជាក់ថា ពុំមានទំនាក់ទំនងគ្រួសារនោះទេ ហើយក៏បានបដិសេធការចោទប្រកាន់ពីការសមគំនិតផងដែរ ដោយទទូចឱ្យសមត្ថកិច្ចអនុវត្តច្បាប់លើជនល្មើសដោយគ្មានការលើកលែង។

ជុំវិញបច្ចុប្បន្នភាពផ្លូវច្បាប់ លោក ខា ដែនណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្ដាល បានថ្លែងឱ្យដឹងនាថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ នេះថា សំណុំរឿងនេះត្រូវ បានបញ្ជូនមកដល់ដៃតំណាងអយ្យការហើយ ដោយបច្ចុប្បន្នកំពុងស្ថិតក្រោមការសាកសួរដេញដោលដោយ លោក លាង អ៊ូ ព្រះរាជអាជ្ញារង ដើម្បីបន្តនីតិវិធីចោទប្រកាន់ជាផ្លូវការតាមផ្លូវច្បាប់៕

Scroll to Top