ខេត្តតាកែវ៖ កាលពីព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមប្រឹក្សាស្រុកព្រៃកប្បាស បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ របស់ខ្លួន នៅសាលប្រជុំធំសាលាស្រុកព្រៃកប្បាស ក្រោមអធិបតីភាព លោក អុិត សារ ប្រធានក្រុមប្រឹក្សាស្រុក និង លោក គិន ភក្ដី អភិបាល នៃគណៈអភិបាលស្រុកព្រៃកប្បាស។
កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់ លោក-លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក, លោកអភិបាលរងស្រុក, លោកនាយករដ្ឋបាល និងនាយករងរដ្ឋបាលសាលាស្រុក, កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ (កងរាជអាវុធហត្ថ នគរបាល និងយោធា), លោក-លោកស្រី ប្រធាន-អនុប្រធានការិយាល័យ និងអង្គភាពជំនាញជុំវិញស្រុក, ប្រធានក្រុមប្រឹក្សាឃុំ, មេប៉ុស្តិ៍នគរបាលរដ្ឋបាលគ្រប់ឃុំ ព្រមទាំងលោក-លោកស្រី ប្រធានកម្រងទូទាំងស្រុកផងដែរ។
នៅក្នុងឱកាសនោះ លោក គិន ភក្ដី អភិបាលស្រុក បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់នាពេលកន្លងមក ព្រមទាំងបានដាក់ចេញនូវទិសដៅការងារ និងវិធានការគន្លឹះចំនួន ៧ចំណុច ជូនដល់អាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ និងកងកម្លាំងប្រដាប់អាវុធ យកទៅអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ រួមមាន៖
១. បង្កើនការយកចិត្តទុកដាក់ការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌដែលជិតឈានចូលមកដល់។
២. ជំរុញការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋឱ្យកាន់តែមានភាពឆាប់រហ័ស តម្លាភាព និងមានប្រសិទ្ធភាពខ្ពស់។
៣. បន្តអនុវត្តការធ្វើរដ្ឋបាលចំហ និងបង្កើនការផ្សព្វផ្សាយអប់រំដើម្បីទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធអ៊ីនធឺណិត (Online Scam) ដល់សហគមន៍។
៤. ពន្លឿនការធ្វើ និងផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា និងទាន់ពេលវេលា។
៥. រៀបចំផែនការបម្រុង និងឧបករណ៍សម្ភារដើម្បីអន្តរាគមន៍ទាន់ពេលវេលាចំពោះបញ្ហាទឹកជំនន់ និងជំនន់ទឹកភ្លៀង ដែលអាចកើតមានឡើងជាយថាហេតុ។
៦. ត្រៀមលក្ខណៈរៀបចំក្រុមទូក ដើម្បីចូលរួមប្រកួតប្រជែងក្នុងការប្រណាំងទូកថ្នាក់ខេត្ត នាពេលខាងមុខ។
៧. បង្កើនការសម្អាតអនាម័យ បរិស្ថាន និងការគ្រប់គ្រងសំរាមក្នុងមូលដ្ឋានឱ្យបានស្អាតបាត និងមានរបៀបរៀបរយ។
កិច្ចប្រជុំបានបញ្ចប់ទៅដោយបរិយាកាសរីករាយ និងស្និតស្នាល ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការនាំយកអនុសាសន៍ និងទិសដៅទាំង ៧ចំណុចនេះ ទៅអនុវត្តឱ្យលេចជាលទ្ធផលជាក់ស្តែង ដើម្បីបម្រើផលប្រយោជន៍ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងស្រុកព្រៃកប្បាសទាំងមូល៕


