អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីរាជការ និងពុទ្ធបរិស័ទ ប្រារព្ធពិធីកាន់បិណ្ឌវេនទី១ នៅវត្តភ្នំហាន់ជ័យ យ៉ាងមហោឡារិក

អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីរាជការ និងពុទ្ធបរិស័ទ ប្រារព្ធពិធីកាន់បិណ្ឌវេនទី១ នៅវត្តភ្នំហាន់ជ័យ យ៉ាងមហោឡារិក

កំពង់ចាម៖ ក្នុងបរិយាកាសប្រកបដោយទឹកចិត្តជ្រះថ្លា និងកតញ្ញូកតវេទិតាធម៌យ៉ាងជ្រាលជ្រៅចំពោះព្រះពុទ្ធសាសនា នៅព្រឹកថ្ងៃអាទិត្យ ១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំប្រតិភូថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការតាមមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន ព្រមទាំងបងប្អូនប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករ បានរួមសាមគ្គីគ្នាយ៉ាងមហោឡារិក ប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តជ័យគិរី (ហៅវត្តភ្នំហាន់ជ័យ) ស្ថិតក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ពិធីបុណ្យសាសនានេះ រៀបចំឡើងក្នុងគោលបំណងពូនជ្រោយកុសល និងនាំយកទេយ្យទាន ចង្ហាន់ បច្ច័យ ព្រមទាំងគ្រឿងបរិក្ខារផ្សេងៗ វេរប្រគេនជូនព្រះសង្ឃដែលគង់ចាំវស្សាអស់ត្រីមាស និងជាពិសេស ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន មានមាតាបិតា ជីដូនជីតា និងគ្រូឧបជ្ឈាយាចារ្យ ព្រមទាំងញាតិសាលោហិតដែលបានចែកឋានទៅកាន់លោកខាងមុខ។

បន្ថែមលើសពីនេះ កុសលផលបុណ្យទាំងអស់ ក៏ត្រូវបានឧទ្ទិសជូនយ៉ាងជ្រាលជ្រៅដល់ដួងវិញ្ញាណក្ខន្ធ វីរយុទ្ធជន វីរយុទ្ធនារី និងកងទ័ពកម្ពុជា ដែលបានពលីជីវិតយ៉ាងក្លាហាន ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីជាតិ និងសាសនាដ៏ធំជានិមិត្តរូប និងមានសារៈសំខាន់បំផុតរបស់ប្រជាជនខ្មែរ ដែលកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំ នៅពេលរដូវកាលនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌចូលមកដល់ ប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី ទោះបីជាត្រូវបំពេញការងារ ឬរស់នៅទីជិត ឆ្ងាយយ៉ាងណាក៏ដោយ តែងតែខិតខំធ្វើដំណើរវិលត្រឡប់មកជួបជុំគ្រួសារនៅស្រុកកំណើត ដើម្បីបង្ហាញនូវកតញ្ញូតាធម៌ចំពោះអ្នកមានគុណ មានឪពុកម្តាយជាដើម។ 

ការរៀបចំចង្ហាន់ ម្ហូបអាហារ បាយសម្ល និងនំចំណី យកទៅប្រគេនព្រះសង្ឃនៅតាមវត្តអារាម មិនត្រឹមតែជាកិច្ចប្រតិបត្តិតាមប្រពៃណីដូនតាខ្មែរតាំងពីបុរាណកាលមកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសមាសក្នុងការរឹតចំណងសាមគ្គីភាព ភាពស្និទ្ធស្នាល និងមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅនៅក្នុងគ្រួសារ និងសង្គមជាតិទាំងមូលផងដែរ៕

Scroll to Top