ខេត្តតាកែវ៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ លោក គិន ភក្ដី អភិបាល នៃគណៈអភិបាលស្រុកព្រៃកប្បាស និងសហការី ព្រមទាំងអាជ្ញាធរឃុំ ភូមិ មន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យ និងវាយតម្លៃស្ថានភាពជំនន់ទឹកភ្លៀង និងជំនន់ទន្លេបាសាក់ ដែលកំពុងប៉ះពាល់ដល់តំបន់មួយចំនួនក្នុងភូមិសាស្ត្រស្រុកព្រៃកប្បាស ខេត្តតាកែវ។
សកម្មភាពចុះពិនិត្យដោយផ្ទាល់នេះ គឺដើម្បីផ្តោតលើកម្ពស់ទឹក ការហូរចូលនៃទឹកជំនន់ ស្ថានភាពផ្លូវថ្នល់ ប្រព័ន្ធធារាសាស្ត្រ ផលដំណាំ និងផលប៉ះពាល់ផ្សេងៗ សំដៅតាមដានស្ថានការណ៍ជាក់ស្តែង និងត្រៀមវិធានការឆ្លើយតបឱ្យបានទាន់ពេលវេលា។ ការចុះត្រួតពិនិត្យបានធ្វើឡើងតាមបណ្តាឃុំរួមមាន ឃុំកំពង់រាប ឃុំបានកាម ឃុំស្នោ ឃុំព្រៃកប្បាស ឃុំពោធិ៍រំចាក និងឃុំចារ។
ក្នុងឱកាសនោះ លោក គិន ភក្ដី បានណែនាំដល់អាជ្ញាធរឃុំ ភូមិ និងមន្ត្រីជំនាញពាក់ព័ន្ធ ឱ្យបន្តតាមដានស្ថានភាពទឹកជាប្រចាំ រាយការណ៍ពីការវិវត្តនៃស្ថានភាពជំនន់ និងត្រៀមលក្ខណៈសម្បត្តិចាំបាច់ ដើម្បីអន្តរាគមន៍ និងជួយសង្គ្រោះប្រជាពលរដ្ឋនៅពេលមានហេតុការណ៍ចាំបាច់។
ជាមួយគ្នានេះ លោកអភិបាលស្រុកបានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់ងាយរងគ្រោះដោយជំនន់ទឹកភ្លៀង និងជំនន់ទន្លេបាសាក់ ឱ្យបង្កើនការប្រុងប្រយ័ត្ន តាមដានព័ត៌មាន និងការជូនដំណឹងរបស់អាជ្ញាធរមូលដ្ឋានជាប្រចាំ។
ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នចំពោះកុមារ មនុស្សចាស់ និងអ្នកដែលមានបញ្ហាសុខភាព ជៀសវាងការធ្វើដំណើរឆ្លងកាត់តំបន់ដែលមានទឹកហូរខ្លាំង ឬជ្រៅ និងត្រូវត្រៀមសម្ភារៈសំខាន់ៗ ដូចជា ឯកសារផ្ទាល់ខ្លួន ថ្នាំពេទ្យ អាហារ និងទឹកស្អាត ទុកនៅកន្លែងមានសុវត្ថិភាព។
ក្នុងករណីស្ថានភាពទឹកកើនឡើងខ្លាំង ឬមានការណែនាំពីអាជ្ញាធរ សូមប្រជាពលរដ្ឋអនុវត្តតាមការណែនាំ និងត្រៀមផ្លាស់ទីទៅកាន់ទីទួលមានសុវត្ថិភាពឱ្យបានទាន់ពេលវេលា ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិ៕


