ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២៦ លោកបណ្ឌិត សំ ពិសិដ្ឋ អភិបាលនៃគណៈអភិបាលស្រុកចំការលើ បានដឹកនាំប្រតិភូរដ្ឋបាលស្រុក អញ្ជើញអុជធូប និងដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ លោកវរសេនីយ៍ត្រី យ៉ែម លឹង យុទ្ធជនក្រុមទី២ វរសេនាតូចលេខ៣៩២ កងពលតូចអន្តរាគមន៍លេខ៩ កងពលធំអន្តរាគមន៍លេខ៣ កងទ័ពជើងគោក ដែលបានពលីជីវិតក្នុងជួរកងទ័ព។
យុទ្ធជន យ៉ែម លឹង បានទទួលមរណភាពកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ០០:១០ នាទីរំលងអធ្រាត្រ ក្នុងជន្មាយុ ៤៧ឆ្នាំ ដោយសាររងគ្រោះថ្នាក់ដោយសារផ្សែងពុលក្នុងបេសកកម្មនៅសមរភូមិមុំបី។
បច្ចុប្បន្ន ពិធីបុណ្យសពត្រូវបានរៀបចំឡើងយ៉ាងអធិកអធមតាមប្រពៃណី និងសាសនា នៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិស្រឡៅតូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ក្នុងបរិយាកាសប្រកបដោយក្តីក្តុកក្តួល និងសោកសង្រេងជាពន់ពេក លោកបណ្ឌិត សំ ពិសិដ្ឋ ព្រមទាំងគណៈប្រតិភូអមដំណើរ បានសម្តែងនូវការចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុតជាមួយគ្រួសារនៃសព។
លោកបណ្ឌិតអភិបាលស្រុក បានសម្តែងនូវការដឹងគុណ និងកោតសរសើរដោយស្មោះចំពោះវីរភាពដ៏ថ្លៃថ្លា ការលះបង់ និងកាយវិការស្នេហាជាតិដ៏ខ្ពង់ខ្ពស់របស់លោកវរសេនីយ៍ត្រី ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងបូរណភាពទឹកដី។
ជាទីបញ្ចប់ លោកបណ្ឌិតអភិបាលស្រុក ព្រមទាំងប្រតិភូរដ្ឋបាលស្រុកចំការលើទាំងមូល បានរួមចិត្តគ្នាបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះរតនត្រ័យ សូមដួងវិញ្ញាណក្ខន្ធរបស់ លោកវរសេនីយ៍ត្រី យ៉ែម លឹង បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕


