បង្ក្រាបឃ្លាំងអាវុធ និងគ្រឿងញៀនតាមសមុទ្រ! ឃាត់ជនជាតិចិន ៧នាក់ ព្រមទាំងអាវុធ ៤៩ដើម និងថ្នាំញៀន ៤២បាវ នៅខេត្តព្រះសីហនុ

បង្ក្រាបឃ្លាំងអាវុធ និងគ្រឿងញៀនតាមសមុទ្រ! ឃាត់ជនជាតិចិន ៧នាក់ ព្រមទាំងអាវុធ ៤៩ដើម និងថ្នាំញៀន ៤២បាវ នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសយ៉ាងក្តៅគគុកនៅកណ្តាលអធ្រាត្រ ស្ថិតនៅដែនសមុទ្រក្បែរកោះឫស្សី កម្លាំងនគរបាលការពារព្រំដែនទឹក សហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានវាយសម្រុកបំបែកសំណុំរឿងជួញដូរគ្រឿងញៀន និងអាវុធខុសច្បាប់ទ្រង់ទ្រាយធំ ដោយបានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន ៧នាក់ ព្រមទាំងរឹបអូសបានសារធាតុញៀនរហូតដល់ ៤២បាវ (ទម្ងន់ប្រមាណ ៨៤០គីឡូក្រាម) និងអាវុធវែងខ្លីសរុប ៤៩ដើម។

ផ្អែកតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការណែនាំពី ឯកឧត្តម នាយឧត្ដមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការទទួលទិសភូមិភាគទី៣ ទី៤ និងទី៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានដឹកនាំអនុប្រធាននាយកដ្ឋាន កម្លាំងអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ និងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៤០ ប្រចាំខេត្តព្រះសីហនុ ដាក់បណ្តាញសម្ងាត់តាមដានមុខសញ្ញាយ៉ាងយកចិត្តទុកដាក់អស់រយៈពេលជាច្រើនថ្ងៃ។

លុះដល់វេលាម៉ោង ០០:១០នាទីរំលងអធ្រាត្រ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ សមត្ថកិច្ចបានកំណត់គោលដៅជាក់លាក់ និងបានស្ទាក់ចាប់អូប័រ ០១គ្រឿង ព្រមទាំងឃាត់ខ្លួនជនសង្ស័យ ០២នាក់ នៅចំណុចក្បែរកោះឫស្សី ក្នុងភូមិសាស្ត្រដែនសមុទ្រខេត្តព្រះសីហនុ។ ភ្លាមៗនោះ ដោយមានការសហការយ៉ាងស្អិតរមួតជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សមត្ថកិច្ចបានបន្តឃាត់រថយន្តចំនួន ០២គ្រឿង និងឃាត់ខ្លួនបក្ខពួក ០៥នាក់បន្ថែមទៀតនៅតាមផ្លូវគោក។

ក្រោមការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ លទ្ធផលនៃការបង្ក្រាបបទល្មើសនេះ សមត្ថកិច្ចដកហូតបានរួមមាន៖

ជនសង្ស័យ ជនជាតិចិន សរុប ០៧នាក់, ម្សៅសថ្លាសង្ស័យជាសារធាតុញៀន ចំនួន ៤២បាវ (ទម្ងន់ប្រមាណ ៨៤០គីឡូក្រាម),អាវុធវែង ១០ដើម,អាវុធខ្លី ៣៩ដើម,បង់កាំភ្លើង ១០៨បង់,គ្រាប់កាំភ្លើងសរុប ៧,៩៣៧គ្រាប់,ស៊ីឡាំងបំពាក់បំពង់បំបាត់សំឡេង (Silencer) ០៨ដើម, អូប័រ ០១គ្រឿង, រថយន្ត ០២គ្រឿង, និងម៉ូតូ ០៣គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យទាំង ៧នាក់ ព្រមទាំងវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ តាមបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ដើម្បីកសាងសំណុំរឿង និងចាត់ការតាមនីតិវិធីច្បាប់ជាបន្ត៕

 

Scroll to Top