កំពង់ចាម៖ ប្រជាពលរដ្ឋរស់នៅក្នុងក្រុងកំពង់ចាម បានសម្តែងការព្រួយបារម្ភ និងសុំអំពាវនាវយ៉ាងទទូចដល់អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធក្នុងខេត្ត មេត្តាចុះត្រួតពិនិត្យទីតាំងក្លិបកម្សាន្តមួយកន្លែងដែលមានឈ្មោះ «ខូហ្ស៊ី» (COZY) បន្ទាប់ពីសង្កេតឃើញមានសកម្មភាពប្រើប្រាស់បារីអគ្គិសនី (Vape) និងការយករំលោភប្រើប្រាស់ចំណីផ្លូវសាធារណៈធ្វើជាកន្លែងចតយានយន្ត។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបានឱ្យដឹងថា ជារៀងរាល់យប់ មានក្រុមយុវជនយុវនារីជាច្រើនបានចូលទៅកម្សាន្តនៅក្នុងក្លិបខាងលើ ដោយភាគច្រើនបានប្រើប្រាស់បារីអគ្គិសនី ឬ «វែប» យ៉ាងអនាធិបតេយ្យ។
ករណីនេះបានបង្កជាការសង្ស័យ និងចោទសួរពីមហាជន ចំពោះការអនុវត្តច្បាប់នៅទីតាំងនោះ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាបានចេញបម្រាមហាមឃាត់ដាច់ខាតមិនឱ្យមានការនាំចូល ចែកចាយ និងប្រើប្រាស់បារីអគ្គិសនីឡើយ ដោយសារវាផ្តល់ផលប៉ះពាល់ធ្ងន់ធ្ធរដល់សុខភាព និងអនាគតរបស់យុវជន។
បន្ថែមពីនេះ ទីតាំងក្លិបកម្សាន្តខាងលើក៏រងការរះគន់ផងដែរចំពោះការយកចំណីផ្លូវសាធារណៈមកធ្វើជាកន្លែងចតយានយន្តរបស់ភ្ញៀវ ដែលបង្កឱ្យមានការកកស្ទះចរាចរណ៍ និងបាត់បង់សណ្តាប់ធ្នាប់សាធារណៈនៅតំបន់នោះជារៀងរាល់យប់។
ជុំវិញករណីនេះ ប្រជាពលរដ្ឋស្នើសុំឱ្យសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធ មេត្តាចុះពិនិត្យជាក់ស្តែង ដើម្បីផ្ទៀងផ្ទាត់ថា ការប្រកបអាជីវកម្ម និងសកម្មភាពខាងលើ មានភាពស្របតាមច្បាប់ និងបទប្បញ្ញត្តិដែរឬទេ ព្រមទាំងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន ប្រសិនបើរកឃើញមានការបំពាន៕


