តាកែវ៖ អារាមដ្ឋានដែលជាទីគោរពសក្ការៈរបស់ពុទ្ធបរិស័ទជិតឆ្ងាយ បានប្រែក្លាយទៅជាកន្លែងប្រព្រឹត្តអំពើល្មើសព្រះវិន័យយ៉ាងធ្ងន់ធ្ងរ និងបង្កឱ្យមានការខឹងសម្បារយ៉ាងខ្លាំងពីមហាជន ក្រោយពីធ្លាយរឿងអាស្រូវជាប់ៗគ្នារបស់ព្រះសង្ឃនៅវត្តគំនូរ ស្ថិតក្នុងឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ។ អ្វីដែលធ្វើឱ្យមហាជន និងពុទ្ធបរិស័ទកាន់តែហួសចិត្ត និងទទួលយកមិនបាននោះ គឺការចាត់វិធានការបែប “ស្តង់ដារពីរ” និងការព្យាយាមបិទបាំងសាច់ស្អុយពីសំណាក់អនុគណស្រុក មន្ត្រីសង្ឃ និងគណៈកម្មការវត្ត។
ដើមហេតុនៃរឿងរ៉ាវអាស្រូវនេះ បានផ្ទុះឡើងជាសាធារណៈបន្ទាប់ពីមានការធ្លាយរូបថតរបស់ព្រះតេជគុណ តាក់ រាសី ចៅអធិការស្តីទីវត្តគំនូរ អង្គុយពាក់មួក ផឹកស្រាបៀរយ៉ាងសង្ហា។ ក្រោយពេលរូបភាពអាក្រាតកាយនៃវិន័យសង្ឃនេះត្រូវគេដឹងឮ ព្រះសង្ឃអង្គនេះបានលួចចាកចេញពីវត្តយ៉ាងអាថ៌កំបាំង ដើម្បីគេចវេសពីការទទួលខុសត្រូវ។
ទោះជាយ៉ាងណា បញ្ហាមិនទាន់ត្រជាក់ផង ស្រាប់តែធ្លាយរឿងអាស្រូវ “បរាជិក” កាន់តែធ្ងន់ធ្ងរ និងស្អុយរលួយជាងនេះទៅទៀត គឺករណីព្រះសង្ឃ ប៊ិន កក្កដា ដែលបានប្រព្រឹត្តអំពើអាសអាភាស ពាក់ព័ន្ធស្នេហាមិនគប្បីជាមួយក្មេងស្រីរស់នៅជិតវត្ត។
ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន កាលពីថ្ងៃសៅរ៍កន្លងទៅ ព្រះសង្ឃ ប៊ិន កក្កដា បានទទួលស្គាល់ដោយឥតអៀនខ្មាស់អំពីព័ត៌មានអាស្រូវជាមួយក្មេងស្រីនោះពិតមែន ប៉ុន្តែបែរជាអះអាងដោយមោទនភាពថា រឿងរ៉ាវត្រូវបាន “ដោះស្រាយបញ្ចប់” អស់ហើយ ដោយគ្រាន់តែឱ្យតាចារ្យ និងគណៈកម្មការវត្តចេញមុខសម្របសម្រួល បង់ប្រាក់ចំនួន ១លានរៀល ទៅឱ្យភាគីក្មេងស្រីរងគ្រោះ ដើម្បីបញ្ចប់រឿង!
អំពើប្រព្រឹត្តផ្លូវភេទជាមួយស្រ្តី/ក្មេងស្រី គឺជា ទោសបរាជិក ក្នុងព្រះពុទ្ធសាសនា ដែលតម្រូវឱ្យដាច់ស្បង់ចវរ (ផ្សឹក) និងមិនអាចអត់ឱនឱ្យបានជាដាច់ខាត។ ប៉ុន្តែ អ្វីដែលគួរឱ្យសង្វេគ និងអាម៉ាស់បំផុតនោះ គឺឥរិយាបថរបស់ អនុគណស្រុក មន្ត្រីសង្ឃពាក់ព័ន្ធ និងគណៈកម្មការវត្តគំនូរ ៤-៥ នាក់ បែរជាគ្មានឆន្ទៈក្នុងការសម្អាតសាសនាឱ្យស្អាតស្អំឡើយ។ ពួកគេបានរួមដៃគ្នាយកលុយ ១លានរៀល ទៅសម្រួលបិទមាត់ជនរងគ្រោះ ក្នុងចេតនាលុបលាងទោសបរាជិកដ៏ធ្ងន់ធ្ងរនេះ ក្រោមលេសថា “ជិតដល់រដូវកាន់បិណ្ឌនិងភ្នំបិណ្ឌ មិនចង់ឱ្យមានរឿងវែងឆ្ងាយ”។
ទង្វើបិទភ្នែក១ចំហៀង និងការជួយលាក់បាំងទោសកំហុសរបស់មន្ត្រីសង្ឃ និងក្រុមអាចារ្យវត្ត មិនត្រឹមតែបំផ្លាញសេចក្តីថ្លៃថ្នូរនៃព្រះពុទ្ធសាសនាយ៉ាងធ្ងន់ធ្ងរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតបានជារឿងកំប្លែងជូរចត់ និងរងការរិះគន់យ៉ាងក្តៅគគុកពីសំណាក់ប្រជាពលរដ្ឋក្នុងសហគមន៍ ដោយពួកគេលើកឡើងថា៖
“នៅក្នុងវត្តគំនូរ ព្រះសង្ឃឆាន់ស្រា ត្រូវបានបណ្តេញចេញ/រត់ចោលវត្ត… រីឯព្រះសង្ឃឆាន់ស្រី (ប្រព្រឹត្តទោសបរាជិក) បែរជាត្រូវបានអនុគណស្រុក និងគណៈកម្មការវត្ត ជួយបិទបាំង លើកតម្កើង និងទុកឱ្យធ្វើធំនៅក្នុងវត្តទៅវិញ!”
សាធារណជន និងពុទ្ធបរិស័ទចំណុះជើងវត្តគំនូរ សម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះអសមត្ថភាព និងភាពអសីលធម៌របស់អនុគណស្រុក និងគណៈកម្មការវត្ត ដែលហ៊ានយករដូវបុណ្យទានធ្វើជាខែល ដើម្បីរក្សាទុកព្រះសង្ឃប្រព្រឹត្តទោសបរាជិកឱ្យគង់នៅក្នុងវត្តបន្តទៀត។
ពួកគេទាមទារយ៉ាងទទូចឱ្យ ក្រសួងធម្មការ និងសាសនា ព្រមទាំង មន្ត្រីសង្ឃថ្នាក់ខេត្ត ចុះអន្តរាគមន៍ជាបន្ទាន់ ដើម្បីចាត់វិធានការតាមវិន័យសង្ឃ (ផ្សឹក) លើព្រះសង្ឃ ប៊ិន កក្កដា និងស្រាវជ្រាវរកទោសទណ្ឌចំពោះមន្ត្រីសង្ឃ និងគណៈកម្មការវត្តទាំងឡាយណាដែលបានរួមគំនិតគ្នាបិទបាំងអំពើល្មើសច្បាប់ និងវិន័យសាសនាមួយនេះជាបន្ទាន់ ដើម្បីស្តារជំនឿទុកចិត្តរបស់ពុទ្ធសាសនិកជនឡើងវិញ៕


