ឯកឧត្តម គួច ចំរើន ស្នើពន្យារពេលឱ្យអាជីវករក្រុងតាខ្មៅ បន្តលក់ដូររហូតដល់ខែកញ្ញា ឆ្នាំ២០២៧ ដើម្បីដោះស្រាយវិវាទដីធ្លី

ឯកឧត្តម គួច ចំរើន ស្នើពន្យារពេលឱ្យអាជីវករក្រុងតាខ្មៅ បន្តលក់ដូររហូតដល់ខែកញ្ញា ឆ្នាំ២០២៧ ដើម្បីដោះស្រាយវិវាទដីធ្លី

ខេត្តកណ្តាល៖ រដ្ឋបាលខេត្តកណ្តាល បានឈានជើងចូលសម្របសម្រួលក្នុងវិវាទដីធ្លី និងការបង់ប្រាក់ថ្លៃឈ្នួលដី រវាងលោក នួន អក និងក្រុមអាជីវករ លើទីតាំងដីទំហំ ១០,៨០៦ ម៉ែត្រការ៉េ ស្ថិតនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ដើម្បីស្វែងរកដំណោះស្រាយឈ្នះ-ឈ្នះ និងធានាស្ថិរភាពជីវភាពរបស់ប្រជាពលរដ្ឋ។

នៅក្នុងកិច្ចប្រជុំស្នើសុំអន្តរាគមន៍ កាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានស្នើដល់ម្ចាស់ទីតាំងដី អនុញ្ញាតឱ្យអាជីវករអាចបន្តប្រកបអាជីវកម្ម និងលក់ដូរនៅទីតាំងដើមរហូតដល់ ខែកញ្ញា ឆ្នាំ២០២៧។ ការស្នើសុំនេះ រៀបចំឡើងដើម្បីទុកពេលវេលាគ្រប់គ្រាន់ជូនភាគីពាក់ព័ន្ធ ក្នុងការសម្របសម្រួល និងដោះស្រាយបញ្ហាតាមនីតិវិធី។

ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់អាជីវករទាំងអស់ កុំឱ្យមានការព្រួយបារម្ភ ឬភ័យខ្លាចចំពោះការបាត់បង់ទីតាំងលក់ដូរភ្លាមៗ ដោយរដ្ឋបាលខេត្ត និងអាជ្ញាធរក្រុងតាខ្មៅ នឹងបន្តខិតខំសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ ដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់បងប្អូន។

ដើម្បីធានាតម្លាភាព និងទប់ស្កាត់ការឆ្លៀតឱកាសពីជនខិលខូច ឯកឧត្តម គួច ចំរើន បានណែនាំឱ្យអាជីវករប្រមូល និងផ្តល់ឯកសារពាក់ព័ន្ធ ដូចជា វិក្កយបត្រ និងបង្កាន់ដៃបង់ប្រាក់ កិច្ចសន្យា ឬឯកសារផ្សេងៗ ដែលធ្លាប់បានធ្វើជាមួយលោក នួន អក។ ឯកសារទាំងនេះត្រូវប្រគល់ជូនអាជ្ញាធរក្រុងតាខ្មៅ ដើម្បីធ្វើការផ្ទៀងផ្ទាត់ កំណត់អត្តសញ្ញាណអាជីវករពិតប្រាកដ និងពិនិត្យស្ថានភាពនៃការបង់ប្រាក់ជាក់ស្តែង។

ឯកឧត្តម បានបញ្ជាក់បន្ថែមថា ការអនុញ្ញាតឱ្យបន្តលក់ដូរនេះ មានកាលកំណត់ត្រឹមខែកញ្ញា ឆ្នាំ២០២៧ ប៉ុណ្ណោះ។ បន្ទាប់ពីផុតកំណត់ ប្រសិនបើអាជីវករមានបំណងបន្តអាជីវកម្មនៅទីតាំងដដែល ការបន្តនោះនឹងអាស្រ័យលើការចរចា និងការព្រមព្រៀងជាក់ស្តែងរវាងអាជីវករ និងម្ចាស់ដី។

គួរបញ្ជាក់ផងដែរថា ក្រោយបញ្ចប់កិច្ចប្រជុំ ឯកឧត្តមអភិបាលខេត្ត រួមជាមួយមន្ត្រីជំនាញ និងតំណាងអាជីវករ បានចុះពិនិត្យ ស្ថានភាពជាក់ស្តែងនៅទីតាំងដីខាងលើ ដើម្បីស្វែងយល់បន្ថែមអំពីបញ្ហាប្រឈម និងប្រមូលព័ត៌មានបន្ថែម សម្រាប់ជាមូលដ្ឋានក្នុងការដោះស្រាយឱ្យមានប្រសិទ្ធភាព៕

 

Scroll to Top