ខេត្តកណ្ដាល៖ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នេះ រដ្ឋបាលស្រុកខ្សាច់កណ្ដាល បានរៀបចំពិធីផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ស្តីពី «ការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពតាមទីតាំងប្រមូលផ្តុំ» របស់រាជរដ្ឋាភិបាលកម្ពុជា នៅសាលប្រជុំសាលាស្រុក (អគារ ក)។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ចេង ឌីណា អភិបាល នៃគណៈអភិបាលស្រុកខ្សាច់កណ្ដាល និងលោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងនគរបាលខេត្តកណ្ដាល និងជាប្រធានក្រុមការងារផ្សព្វផ្សាយអនុក្រឹត្យ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំរដ្ឋបាលស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
ពិធីផ្សព្វផ្សាយនេះ រៀបចំឡើងក្នុងគោលបំណងចម្បងៗដូចជា៖
១. បង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋនៅតាមទីតាំងប្រមូលផ្តុំសាធារណៈ និងឯកជន។
២. ដាក់ចេញនូវវិធានការការពារឱ្យបានទាន់ពេលវេលា ចំពោះហានិភ័យ ឬហេតុការណ៍អសន្តិសុខផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ។
៣. ពង្រឹងការទទួលខុសត្រូវ និងកិច្ចសហការជិតស្និទ្ធរវាងអាជ្ញាធរដែនដី កងកម្លាំងមានសមត្ថកិច្ច និងម្ចាស់ទីតាំង ឬអ្នករៀបចំកម្មវិធីប្រមូលផ្ដុំ។
ក្នុងឱកាសនោះ គណៈអធិបតីបានស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ក្តាប់ និងស្វែងយល់ឱ្យបានស៊ីជម្រៅនូវខ្លឹមសារអនុក្រឹត្យនេះ ដើម្បីយកទៅអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅរួមចំណែកថែរក្សាសន្តិសុខ សុវត្ថិភាព និងភាពសុខសាន្តជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកខ្សាច់កណ្ដាលទាំងមូល៕


