អាជ្ញាធរខេត្តកណ្ដាល បញ្ជាឲ្យបិទការដ្ឋានចាក់ខ្សាច់លុបចំណីទន្លេនៅស្រុកកៀនស្វាយភ្លាមៗ ក្រោយបែកធ្លាយរឿងមេឃុំគគីរធំភូតកុហកថ្នាក់លើថា «មានច្បាប់»

អាជ្ញាធរខេត្តកណ្ដាល បញ្ជាឲ្យបិទការដ្ឋានចាក់ខ្សាច់លុបចំណីទន្លេនៅស្រុកកៀនស្វាយភ្លាមៗ ក្រោយបែកធ្លាយរឿងមេឃុំគគីរធំភូតកុហកថ្នាក់លើថា «មានច្បាប់»

ខេត្តកណ្ដាល៖ សកម្មភាពចាក់ខ្សាច់រំលោភយកដីចំណីទន្លេយ៉ាងអនាធិបតេយ្យនៅស្រុកកៀនស្វាយ ត្រូវបានបញ្ជាឲ្យផ្អាក និងបិទទីតាំងជាបន្ទាន់ ពីសំណាក់ថ្នាក់ដឹកនាំខេត្តកណ្ដាល ក្រោយពីបែកធ្លាយការភូតកុហក និងការឆ្លើយរុញទម្លាក់កំហុសដាក់គ្នា ពីសំណាក់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីបិទបាំងសកម្មភាពខុសច្បាប់របស់ក្រុមឈ្មួញ។

លោក ឌឹម បូរ៉ា អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តកណ្ដាល បានអះអាងប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ភ្លាមៗក្រោយទទួលបានព័ត៌មានពីករណីនេះ លោកបានបញ្ជាផ្ទាល់ទៅកាន់រដ្ឋបាលស្រុកកៀនស្វាយ ដែលមានលោក ឡូវ សុខសាន្ត ជាអភិបាលស្រុក ឲ្យដឹកនាំកម្លាំងចុះផ្អាកសកម្មភាព និងបិទទីតាំងការដ្ឋានចាក់ខ្សាច់នោះជាបន្ទាន់ ដោយគ្មានការលើកលែងឡើយ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅភូមិពោធិ៍មៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ បានឱ្យដឹងថា គេឃើញក្រុមសាឡង់ដឹកខ្សាច់ បានសម្រុកចាក់ខ្សាច់ចូលក្នុងដីចំណីទន្លេ យ៉ាងកំរោលទាំងយប់ទាំងថ្ងៃ អស់រយៈពេលជាង ១ សប្ដាហ៍មកហើយ។ ប្រភពបញ្ជាក់ថា ដីចំណីទន្លេដែលកំពុងរំលោភបំពាននេះ គឺជាកម្មសិទ្ធិរបស់បុគ្គលមានប្រាក់ និងមានអំណាចម្នាក់ក្នុងតំបន់។

អ្វីដែលធ្វើឲ្យមហាជនសម្តែងការខឹងសម្បារយ៉ាងខ្លាំងនោះ គឺនៅពេលដែលព័ត៌មាននេះបានផ្ទុះឡើង លោក ផន ណារ័ត្ន មេឃុំគគីរធំ បានចេញមុខការពារសកម្មភាពខុសច្បាប់នេះ ដោយបានភូតកុហកយ៉ាងដាច់អហង្ការថា ទីតាំងចាក់ខ្សាច់នេះ “មានច្បាប់អនុញ្ញាតត្រឹមត្រូវ” ហើយជាគម្រោងសាងសង់កំពង់ផែសម្រាប់ឡើងប្រេងឥន្ធនៈ។ ទោះជាយ៉ាងណា នៅពេលសួរដេញដោលអំពីទិន្នន័យលម្អិត លោកមេឃុំបែរជាមិនអាចបញ្ជាក់បានថាជាក្រុមហ៊ុនអ្វី ហើយមានច្បាប់អនុញ្ញាតកម្រិតណានោះឡើយ។

កាន់តែស្មុគស្មាញជាងនេះទៅទៀត លោក កែ សាវី មន្ត្រីតំណាងឱ្យលោក ប្រាក់ ឡាក់ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្ដាល ចុះពិនិត្យករណីខាងលើនេះ ក៏បានឆ្លើយការពារបែបលម្អៀងដែរថា ទីតាំងនោះមានច្បាប់ រួចក៏បានរុញការទទួលខុសត្រូវទៅឱ្យខាងមន្ទីររ៉ែ និងថាមពលខេត្តជាអ្នកបកស្រាយវិញ។ ប៉ុន្តែនៅពេលអ្នកសារព័ត៌ទាក់ទង សុំការបំភ្លឺ លោក ប៉ុន ប៉ុនធឿន ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តកណ្ដាល បែរជាឆ្លើយយ៉ាងខ្លីថា រូបលោក “ពុំបានដឹងរឿងនេះទាល់តែសោះ”។ ដោយឡែក លោក ឡូវ សុខសាន្ត អភិបាលស្រុកកៀនស្វាយ អ្នកសារព័ត៌មាន មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេក្នុងករណីនេះ។

រឿងរ៉ាវនេះបានស្តែងឱ្យឃើញយ៉ាងច្បាស់ ពីភាពធូររលុង និងការឃុបឃិតគ្នាបិទបាំងបទល្មើសបំផ្លាញទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។ សាធារណជន និងប្រជាពលរដ្ឋកំពុងទន្ទឹងរង់ចាំមើលថា តើរដ្ឋបាលខេត្តកណ្ដាល នឹងមានវិធានការចាត់ការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់កម្រិតណា ទៅលើក្រុមឈ្មួញល្មើសច្បាប់ រួមទាំងអាជ្ញាធរឃុំ និងមន្ត្រីជំនាញដែលបានភូតកុហកថ្នាក់លើ និងអសមត្ថភាពក្នុងការបំពេញភារកិច្ចទាំងនេះ៕

 

Scroll to Top