ខេត្តតាកែវ៖ ប៉ុន្មានថ្ងៃកន្លងមកនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងស្រុកបាទី ខេត្តតាកែវ បន្ទាប់ពីលោកសាយ វណ្ណៈ អភិបាលស្រុកបាទីបានដឹកនាំកម្លាំងផ្ទាល់ ចុះបង្ក្រាបទីតាំងល្បែងស៊ីសងអនឡាញមួយកន្លែង ស្ថិតក្នុងភូមិស្ដុក ឃុំកុមាររាជា ក្រោយទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋ។
ទោះបីជាសាធារណជនគាំទ្រ និងកោតសរសើរចំពោះចំណាត់ការក្តៅគគុកនេះក្តី ប៉ុន្តែព្រឹត្តិការណ៍នេះបានស្តែងឱ្យឃើញយ៉ាងច្បាស់ពី «បរាជ័យ» និង «អសមត្ថភាព» របស់មន្ត្រីសមត្ថកិច្ចមូលដ្ឋាន ទាំងនគរបាល និងអាវុធហត្ថ ក្នុងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព»។
លោក សាយ វណ្ណៈ អភិបាលស្រុកបាទី បានឱ្យដឹងថា ការចុះប្រតិបត្តិការផ្ទាល់នេះ ដោយសារលោកទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា ប្អូនប្រុសរបស់គាត់បានចាញ់ល្បែងអនឡាញអស់ប្រមាណជាង ៣០លានរៀល (ស្មើជិត ១ម៉ឺនដុល្លារ)។ លោកអភិបាលស្រុកក៏បានប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ថា នឹងបន្តបង្ក្រាបទីតាំងល្បែងស៊ីសងតាមអ៊ីនធឺណិតទាំងអស់នៅក្នុងស្រុកបាទីឱ្យអស់គ្មានសេសសល់។
អ្នកព្រោកប្រាជ្ញតាមតុកាហ្វេ គាំទ្រការចេញមុខបង្ក្រាបដោយផ្ទាល់ពីសំណាក់អភិបាលស្រុក ដែលជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានបង្ហាញយ៉ាងច្បាស់ថា លោកលែងមានជំនឿចិត្តលើមន្ត្រីនគរបាល និងអាវុធហត្ថនៅក្នុងមូលដ្ឋានទៀតហើយ។
មហាជនបានចោទសួរជាទម្ងន់ថា ទីតាំងល្បែងស៊ីសងបើកដំណើរការរាល់ថ្ងៃ ហេតុអ្វីសមត្ថកិច្ចប៉ុស្តិ៍ និងអធិការដ្ឋានមិនដឹង? តើនេះមកពីសមត្ថកិច្ចអសមត្ថភាពពិតប្រាកដ ឬមួយក៏មកពីការ «ត្រូវរ៉ូវគ្នា» និង «ទទួលផលប្រយោជន៍» ទើបបិទភ្នែកបិទត្រចៀក បណ្តោយឱ្យពលរដ្ឋរងគ្រោះចាញ់បោកអស់ប្រាក់រាប់ម៉ឺនដុល្លារបែបនេះ? ការដែលចៅហ្វាយស្រុកត្រូវចុះធ្វើការជំនួសនគរបាល គឺជាការ «ទះកំផ្លៀង» យ៉ាងធ្ងន់ធ្ងរទៅលើសមត្ថកិច្ចជំនាញក្នុងស្រុកបាទី។
ជាការឆ្លើយតបចម្ងល់របស់មហាជន លោកសាយ វណ្ណៈបានបញ្ជាក់ថា រដ្ឋបាលស្រុកមិនអាចសន្និដ្ឋានថាកម្លាំងសមត្ថកិច្ច និងអាវុធហត្ថ មិនបង្ក្រាបនោះទេ ដោយសារកន្លងមក កម្លាំងមូលដ្ឋានមានតិច ឬពួកគាត់ក្តាប់មិនជុំក៏លោកមិនអាចថាបាន ឬមានមូលហេតុអ្វីផ្សេងទៀតក៏មិនអាចសន្និដ្ឋានបានដែរ?
លោកចៅហ្វាយស្រុកបាទីបន្តថា លោកមិនដឹងអំពីមូលហេតុដែលសមត្ថកិច្ចនគរបាលតាមបណ្ដាប៉ុស្តិ៍ មិនបង្ក្រាបល្បែង ស៊ីសងអនឡាញនោះទេ? លោកថា មានការបង្ក្រាបដោយរូបលោកផ្ទាល់បីទៅបួនឃុំរួចហើយ។
លោកអភិបាលស្រុកសំណូមពរដល់បណ្ដាប៉ុស្តិ៍ពង្រឹងការបង្ក្រាបចំពោះទីតាំងល្បែងស៊ីសង ស្នើដល់ប្រជាពលរដ្ឋក៏ដូចជាអ្នកកាសែត បើដឹងពីទីតាំងល្បែងស៊ីសងសុំបន្តរាយការណ៍ជូន រូបលោករីករាយនិងសហការជានិច្ច ។
ប្រជាពលរដ្ឋក្នុងស្រុកបាទី បានសម្តែងការគាំទ្រចំពោះអភិបាលស្រុក និងបានអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គស្នងការដ្ឋាននគរបាលជាតិ មេត្តាបើកការស៊ើបអង្កេតលើប្រធានប៉ុស្តិ៍ និងអធិការនគរបាលស្រុកបាទី។
ប្រជាពលរដ្ឋរំពឹងថា លោកអភិបាលស្រុកនឹងមិនធ្វើសកម្មភាពតែ «មួយក្តៅខ្លួន» ឬ «វាយស្មៅបង្អើលពស់» នោះទេ ហើយត្រូវតែបន្តលុបបំបាត់ល្បែងស៊ីសងគ្រប់ទម្រង់ ព្រមទាំងមានវិធានការផ្លូវច្បាប់លើមន្ត្រីសមត្ថកិច្ចណាដែលអសកម្ម ឬមានការពាក់ព័ន្ធផងដែរ៕






