ខេត្តកំពង់ចាម៖ អាជ្ញាធរខេត្តកំពង់ចាម និងមន្ទីរជំនាញពាក់ព័ន្ធ រងការអំពាវនាវឱ្យចុះត្រួតពិនិត្យ និងបង្ហាញឯកសារបច្ចេកទេសលើគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានមួយចំនួន ដើម្បីឆ្លើយតបនឹងការមន្ទិលសង្ស័យរបស់មហាជន ជុំវិញភាពស្មោះត្រង់នៃការត្រួតពិនិត្យ និងការអនុវត្តស្តង់ដារបច្ចេកទេស។
ការអំពាវនាវនេះបានកើតឡើង ក្រោយពេលមានប្រភពព័ត៌មានពីមូលដ្ឋាន និងសារព័ត៌មានក្នុងស្រុកបានលើកឡើងពីភាពមិនប្រក្រតី នៃការបំពេញភារកិច្ចរបស់មន្ត្រីបច្ចេកទេស និងទីចាត់ការផែនការ និងវិនិយោគខេត្ត ដោយរងការចោទប្រកាន់ថា បានអនុវត្តការត្រួតពិនិត្យដោយមានភាពលំអៀង និងគ្របដណ្តប់លើក្រុមហ៊ុនទទួលការមួយចំនួន ដូចជាក្រុមហ៊ុន «វ៉េង លាប» ជាដើម។
យោងតាមប្រភពដដែល បានលើកឡើងជាឧទាហរណ៍អំពីគម្រោងផ្លូវក្នុងឃុំទំនប់ ស្រុកបាធាយ ដោយសង្ស័យថា ក្រុមហ៊ុនខាងលើបានប្រើប្រាស់ដែកទំហំ ៦ មីលីម៉ែត្រ (៦ ម.ម) ដែលអាចខុសពីលក្ខណៈបច្ចេកទេស និងបញ្ជីបរិមាណការងារ ដែលបានកំណត់ក្នុងឯកសារដេញថ្លៃ។ លើសពីនេះ ក៏មានការចោទសួរលើស្តង់ដារត្រួតពិនិត្យគម្រោងផ្សេងទៀត ស្ថិតក្នុងឃុំជើងព្រៃ និងឃុំផ្អាវ ផងដែរ។
ជុំវិញការចោទប្រកាន់នេះ លោក ប្រាក់ ទិត្យ នាយកទីចាត់ការផែនការ និងវិនិយោគនៃរដ្ឋបាលខេត្តកំពង់ចាម បានបដិសេធដាច់អហង្ការ និងបានបញ្ជាក់ថា គ្មានការអនុវត្តស្តង់ដារពីរ ឬភាពលំអៀងពីសំណាក់មន្ត្រីជំនាញនោះឡើយ។
លោកបានគូសបញ្ជាក់ថា «ម្ចាស់គម្រោងនីមួយៗគឺជាអាជ្ញាធរឃុំ-សង្កាត់ ដែលជាអ្នកអនុវត្តផ្ទាល់ និងទាមទារមិនឱ្យខុសពីកិច្ចសន្យាឡើយ។ដំណើរការអនុវត្តគម្រោង តែងតែមានមន្ត្រីបង្គោល និងប្រជាពលរដ្ឋក្នុងសហគមន៍ចូលរួមតាមដានយ៉ាងយកចិត្តទុកដាក់។ លុះត្រាតែប្រជាពលរដ្ឋទទួលយកបាន ទើបមានការប្រគល់-ទទួលគម្រោងជាផ្លូវការ»។
ស្របគ្នានេះដែរ តំណាងក្រុមហ៊ុន វ៉េង លាប ក៏បានច្រានចោលទាំងស្រុង នូវរាល់ការចោទប្រកាន់ទាំងឡាយ ដោយអះអាងថា ក្រុមហ៊ុនបានអនុវត្តគម្រោងយ៉ាងត្រឹមត្រូវតាមលក្ខខណ្ឌបច្ចេកទេស និងគ្មានការប្រើប្រាស់ដែកខុសទំហំដូចការលើកឡើងនោះទេ។ តំណាងក្រុមហ៊ុនបន្ថែមថា ដំណើរការសាងសង់ទាំងអស់ត្រូវបានឃ្លាំមើលយ៉ាងម៉ឺងម៉ាត់ពីអាជ្ញាធរឃុំ និងប្រជាពលរដ្ឋ ហើយក្រុមហ៊ុនក៏គ្មានទំនាក់ទំនងពិសេស ឬទទួលបានការយោគយល់ពីមន្ត្រីរដ្ឋបាលខេត្តណាមួយឡើយ។
ដោយឡែក ពាក់ព័ន្ធនឹងការលេចឮព័ត៌មានអំពីការប្រកួតប្រជែងតំណែងផ្ទៃក្នុងរវាងមន្ត្រីក្នុងទីចាត់ការផែនការ និងវិនិយោគខេត្ត ត្រូវបានកត់សម្គាល់ថា គ្រាន់តែជាការប្រភពព័ត៌មានមិនផ្លូវការ ដែលមិនទាន់មានភស្តុតាង ឬការបញ្ជាក់ជាផ្លូវការណាមួយនៅឡើយ។
បណ្តាញសារព័ត៌មានពេញចិត្តនេឌាសូមបញ្ជាក់ថា ការផ្សព្វផ្សាយនេះធ្វើឡើងក្នុងគោលបំណងឆ្លុះបញ្ចាំងពីកង្វល់របស់សាធារណជន និងជំរុញតម្លាភាពតែប៉ុណ្ណោះ ដោយគ្មានចេតនាទម្លាក់កំហុសលើបុគ្គល ឬនីតិបុគ្គលណាមួយឡើយ។
មហាជនសូមស្នើឱ្យរដ្ឋបាលខេត្តកំពង់ចាម មេត្តាចុះពិនិត្យជាក់ស្តែង និងបង្ហាញទិន្នន័យបច្ចេកទេសជាសាធារណៈ ដើម្បីធានាថា រាល់គម្រោងអភិវឌ្ឍន៍ទាំងអស់ត្រូវបានអនុវត្តក្រោម «ស្តង់ដារតែមួយ និងច្បាប់តែមួយ»៕


