អភិបាលស្រុកកោះញែក ចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពកភ្លាមៗ និងចេញសារព្រមានពីគ្រោះទឹកជំនន់ដល់ពលរដ្ឋក្នុងឃុំណងឃីលិក

អភិបាលស្រុកកោះញែក ចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពកភ្លាមៗ និងចេញសារព្រមានពីគ្រោះទឹកជំនន់ដល់ពលរដ្ឋក្នុងឃុំណងឃីលិក

ខេត្តមណ្ឌលគិរី៖ ស្ថានភាពទឹកជំនន់នៅតាមដងទន្លេស្រែពកកំពុងស្ថិតក្នុងកម្រិតប្រុងប្រយ័ត្នខ្ពស់! នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ នេះ លោក សី ទូច អភិបាល នៃគណៈអភិបាលស្រុកកោះញែក បានដឹកនាំក្រុមការងារជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក និងស្ថានភាពជំនន់ដោយផ្ទាល់នៅក្នុងភូមិសាស្ត្រឃុំណងឃីលិក ខណៈកម្ពស់ទឹកទន្លេនៅតែបន្តហក់ឡើងឥតឈប់ឈរដែលអាសន្នអាចនឹងកើតមានឡើងជានិច្ច។

ចំពោះមុខស្ថានភាពប្រឈមនេះ ក្នុងនាមថ្នាក់ដឹកនាំស្រុក លោកអភិបាលបានចេញសារអំពាវនាវយ៉ាងទទូចដល់អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងតំបន់ងាយរងគ្រោះ ត្រូវអនុវត្តនូវវិធានការការពារសុវត្ថិភាពជាចាំបាច់៖

១. បង្កើនការប្រុងប្រយ័ត្នខ្ពស់ តាមដានព័ត៌មានវិវត្តនៃជំនន់ទឹកភ្លៀង និងត្រៀមលក្ខណៈសម្បត្តិរួចជាស្រេច ក្នុងការជម្លៀសខ្លួន សត្វពាហនៈ និងទ្រព្យសម្បត្តិទៅកាន់ទីទួលសុវត្ថិភាពឱ្យបានទាន់ពេលវេលា។

២. យកចិត្តទុកដាក់លើសុវត្ថិភាពកុមារ ហាមឃាត់ដាច់ខាតមិនឱ្យកូនចៅតូចៗចុះលេងទឹក ងូតទឹក ឬហែលឆ្លងកាត់ស្ទឹង ព្រែក និងប្រឡាយដែលមានចរន្តទឹកហូរខ្លាំង ដើម្បីជៀសវាងគ្រោះថ្នាក់លង់ទឹកដែលកើតឡើងដោយចៃដន្យ។

៣. អាជ្ញាធរឃុំ-ភូមិ និងកងកម្លាំងប្រដាប់អាវុធត្រូវប្រចាំការ និងត្រៀមសង្គ្រោះ ២៤ ម៉ោងលើ ២៤ ម៉ោង ដើម្បីឆ្លើយតបបានទាន់ពេលវេលានៅពេលមានហេតុការណ៍បន្ទាន់ ។

អាជ្ញាធរស្រុកកោះញែកកំពុងបន្តតាមដានកម្ពស់ទឹកយ៉ាងយកចិត្តទុកដាក់ និងត្រៀមប្រព័ន្ធទំនាក់ទំនងអន្តរាគមន៍ ដើម្បីធានាឱ្យបាននូវសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋជាចម្បង៕

 

Scroll to Top