ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំខែ តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដើម្បីពិនិត្យ និងតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។
កិច្ចប្រជុំជាន់ខ្ពស់នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និង ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ តំណាងស្ថាប័នពាក់ព័ន្ធ ព្រមទាំងស្នងការនៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំង២៥។
នៅក្នុងអង្គប្រជុំ ថ្នាក់ដឹកនាំ និងសមត្ថកិច្ចជំនាញបានធ្វើការវាយតម្លៃយ៉ាងម៉ត់ចត់លើលទ្ធផលការងារដែលសម្រេចបាននាពេលកន្លងមក ព្រមទាំងបានពិភាក្សាលើទិសដៅការងារសំខាន់ៗ រួមមាន៖
១. ការបូកសរុប និងវាយតម្លៃសភាពការណ៍ ពិនិត្យលើលទ្ធផលប្រតិបត្តិការបង្ក្រាបបទល្មើសបច្ចេកវិទ្យានាពេលកន្លងមក និងការវិភាគលើល្បិចកលថ្មីៗរបស់ក្រុមជនល្មើស ដើម្បីដាក់ចេញនូវវិធានការឆ្លើយតបទាន់ពេលវេលា។
២. ការអនុវត្តបទបញ្ជា និងទិសដៅបន្ត ទទួលយកអនុសាសន៍ និងបទបញ្ជានាំមុខពីថ្នាក់ដឹកនាំ ក្នុងការបង្កើនកិច្ចស្រាវជ្រាវ ស្វែងរកប្រភពដើម និងបង្ក្រាបឱ្យចំគោលដៅនៃបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ។
៣. ការរឹតបន្តឹងកិច្ចសហការ ពង្រឹងការផ្លាស់ប្តូរព័ត៌មានរវាងកងកម្លាំងជំនាញ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដើម្បីការពារសុវត្ថិភាពទិន្នន័យ ទ្រព្យសម្បត្តិ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាពខ្ពស់។
កិច្ចប្រជុំបានបញ្ចប់ទៅដោយទទួលបាននូវការណែនាំតម្រង់ទិសយ៉ាងច្បាស់លាស់ សំដៅបង្កើនប្រសិទ្ធភាព និងភាពម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ និងលុបបំបាត់បទល្មើសបច្ចេកវិទ្យានៅកម្ពុជា ដើម្បីធានានូវសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ៕


