មន្ត្រីជលផលខេត្តកំពង់ចាម បង្ក្រាបបទល្មើសនេសាទ ៣ករណី រំដោះកូនត្រីចម្រុះជាង ១០០គីឡូក្រាម លែងចូលបឹងធម្មជាតិវិញ

មន្ត្រីជលផលខេត្តកំពង់ចាម បង្ក្រាបបទល្មើសនេសាទ ៣ករណី រំដោះកូនត្រីចម្រុះជាង ១០០គីឡូក្រាម លែងចូលបឹងធម្មជាតិវិញ

ខេត្តកំពង់ចាម៖ កូនត្រីចម្រុះទម្ងន់ជាង ១០៧ គីឡូក្រាម ត្រូវបានរំដោះ និងចាក់លែងចូលទៅក្នុងប្រភពទឹកធម្មជាតិវិញ ខណៈឧបករណ៍នេសាទខុសច្បាប់ជាច្រើន ត្រូវបានកម្លាំងជំនាញចុះរុះរើ និងបំផ្លាញចោលភ្លាមៗនៅហ្នឹងកន្លែង ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសជលផលចំនួន ៣ករណី នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦។

ប្រតិបត្តិការនេះ ដឹកនាំដោយកម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអាជ្ញាធរស្រុកកងមាស ស្រុកជើងព្រៃ និងស្រុកព្រៃឈរ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម។

លោក លី ស្រ៊ី នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានឱ្យដឹងថា វត្ថុតាងដែលត្រូវបានដកហូត និងបំផ្លាញចោលរួមមាន ឧបករណ៍ស្បៃមុងសរុប ៣៣មាត់ របាំងស្បៃមុងប្រវែង ១,៥៤៥ម៉ែត្រ និងបង្គោលចម្រឹងចំនួន ៥៥០ដើម ដោយបែងចែកតាមទីតាំងដូចខាងក្រោម៖

ករណីទី១ (ឃុំរាយប៉ាយ ស្រុកកងមាស) ចំណុចក្រោយវត្តរាយប៉ាយ រុះរើស្បៃមុង ៨មាត់ របាំងស្បៃមុង ៤១៥ម៉ែត្រ បង្គោលចម្រឹង ១៤៥ដើម និងលែងកូនត្រី ២៥គីឡូក្រាម។

ករណីទី២ (ឃុំសូទិព្វ ស្រុកជើងព្រៃ) ចំណុចបឹងជ្រោយ រុះរើស្បៃមុង ១២មាត់ របាំងស្បៃមុង ៥៥០ម៉ែត្រ បង្គោលចម្រឹង ១៩៥ដើម និងលែងកូនត្រី ៥០គីឡូក្រាម។

ករណីទី៣ (ឃុំសំរោង ស្រុកព្រៃឈរ) ចំណុចវត្តកំពង់សៀម រុះរើស្បៃមុង ១៣មាត់ របាំងស្បៃមុង ៥៨០ម៉ែត្រ បង្គោលចម្រឹង ២១០ដើម និងលែងកូនត្រី ៣២គីឡូក្រាម។

លោកនាយខណ្ឌរដ្ឋបាលជលផល បានគូសបញ្ជាក់បន្ថែមថា ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម នឹងបន្តសហការចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទនៅតាមបណ្តាទន្លេ បឹង និងព្រែក ក្នុងភូមិសាស្ត្រខេត្តទាំងមូលយ៉ាងម៉ឺងម៉ាត់បំផុត។

ទន្ទឹមនឹងនេះ អាជ្ញាធរក៏នឹងរៀបចំយុទ្ធនាការផ្សព្វផ្សាយអប់រំ និងណែនាំដល់ប្រជានេសាទមូលដ្ឋាន ឱ្យយល់ដឹងពីច្បាប់ស្តីពីជលផល និងបញ្ឈប់ការប្រើប្រាស់ឧបករណ៍ខុសច្បាប់ ដើម្បីចូលរួមថែរក្សាវារីសត្វ និងធនធានជលផលឱ្យបានគង់វង្ស៕

Scroll to Top