ស្នូរអាវុធផ្ទុះក្នុងវង់ផឹកស៊ីនៅស្រុកត្រាំកក់ បណ្តាលឱ្យយុវជនម្នាក់រងរបួសចំភ្លៅ សមត្ថកិច្ចកំពុងវែកមុខម្ចាស់កាំភ្លើង

ស្នូរអាវុធផ្ទុះក្នុងវង់ផឹកស៊ីនៅស្រុកត្រាំកក់ បណ្តាលឱ្យយុវជនម្នាក់រងរបួសចំភ្លៅ សមត្ថកិច្ចកំពុងវែកមុខម្ចាស់កាំភ្លើង

ខេត្តតាកែវ៖ ករណីផ្ទុះអាវុធយ៉ាងរន្ធត់មួយបានកើតឡើងនៅក្នុងវង់ផឹកស៊ី កាលពីល្ងាចថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិខ្នារ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ បណ្តាលឱ្យយុវជនម្នាក់រងរបួសចំភ្លៅ និងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យឯកជនមួយក្នុងក្រុងដូនកែវ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញមានក្រុមមនុស្សមួយក្រុមបានជួបជុំគ្នាសេពគ្រឿងស្រវឹងនៅផ្ទះស្ត្រីឈ្មោះ កង សាម៉ុន (មុខរបរជាបុគ្គលិកអនាម័យរោងចក្រ)។ លុះឈានចូលដល់ពេលយប់ជ្រៅ បុរសៗក្នុងវង់ផឹកស៊ីក៏បានកើតមានទំនាស់ពាក្យសម្តីយ៉ាងតឹងសរសៃក រហូតឈានដល់ការទាញអាវុធខ្លីបាញ់ប្រហារ ១គ្រាប់ បណ្តាលឱ្យយុវជនម្នាក់ឈ្មោះ សីហា រងរបួសធ្ងន់ត្រង់ចំណុចភ្លៅ។ ភ្លាមៗនោះ គ្នីគ្នានៅក្នុងវង់ផឹកស៊ីបានប្រញាប់ប្រញាល់ដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ រីឯអ្នកខ្លះទៀតបានទាញយកអាវុធខាងលើ យកទៅប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំលាយបូរ។

ជុំវិញករណីនេះ លោក ស៊ិន ជឺ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំលាយបូរ បានជម្រាបជូនថា ហេតុការណ៍ផ្ទុះអាវុធនេះពិតជាបានកើតឡើងប្រាកដមែន។ បច្ចុប្បន្ន កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ កំពុងធ្វើការឃាត់ខ្លួន និងសាកសួរមនុស្សពាក់ព័ន្ធក្នុងវង់ផឹកស៊ីនោះដើម្បីកសាងសំណុំរឿងតាមនីតិវិធី។ លោកនាយប៉ុស្តិ៍បានបន្ថែមថា ទោះបីជាអាវុធខ្លី (តុតុ) ត្រូវបានប្រគល់មកសមត្ថកិច្ចក៏ដោយ ក៏អាជ្ញាធរនៅមិនទាន់បញ្ជាក់អត្តសញ្ញាណម្ចាស់អាវុធពិតប្រាកដនៅឡើយទេ។

បច្ចុប្បន្ន មហាជន និងអ្នកស្រុកកំពុងរង់ចាំតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះលទ្ធផលនៃការស៊ើបអង្កេត និងចំណាត់ការផ្លូវច្បាប់ទៅលើបុគ្គលដែលប្រើប្រាស់អាវុធខុសច្បាប់ បង្កភាពវឹកវរក្នុងសហគមន៍មួយនេះ៕

Scroll to Top