ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៦ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកកោះញែក មានរៀបចំពិធីសំណេះសំណាល និងប្រកាសបញ្ចូលសមាជិក-សមាជិកាបក្សថ្មីចំនួន ៣០០នាក់ មកពីឃុំទាំង៦ ទូទាំងស្រុកកោះញែក ក្រោមបរិយាកាសស្និទ្ធស្នាល និងកក់ក្តៅជាពន់ពេក។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម គង់ គឹមនី ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត លោក កែវ សូត្រ ប្រធានក្រុមប្រឹក្សាស្រុកកោះញែក លោក សី ទូច ប្រធានគណៈកម្មាធិការបក្សស្រុកកោះញែក ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងសមាជិក សមាជិកាបក្សយ៉ាងច្រើនកុះករ។
ក្នុងឱកាសនោះ លោក សី ទូច ប្រធានគណៈកម្មាធិការបក្សស្រុកកោះញែក បានឡើងអានរបាយការណ៍សង្ខេបស្តីពីវឌ្ឍនភាពការងាររយៈពេល ៩ខែដើមឆ្នាំ របស់រដ្ឋបាលស្រុក រួចឈានទៅដល់ការប្រគល់សម្រេចបញ្ចូលសមាជិកថ្មីទាំង ៣០០នាក់ ជាផ្លូវការ ដើម្បីរួមគ្នាក្នុងធ្លុងសាមគ្គីតែមួយ និងចូលរួមចំណែកអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែរឹងមាំបន្ថែមទៀត។
ថ្លែងទៅកាន់អង្គពិធី ឯកឧត្តម គង់ គឹមនី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងការយកចិត្តទុកដាក់យ៉ាងខ្ពង់ខ្ពស់ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋ និងសមាជិក សមាជិកាបក្សទាំងអស់។ ជាមួយគ្នានេះដែរ ឯកឧត្តមប្រធានគណៈកម្មាធិការបក្សខេត្ត ក៏បានរំលេចនូវសមិទ្ធផលសំខាន់ៗនាពេលកន្លងមក និងបានដាក់ចេញនូវទិសដៅការងារបន្ត ដើម្បីជំរុញការអភិវឌ្ឍន៍ស្រុកកោះញែកឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ៕


