(កំពង់ចាម)៖ អាជ្ញាធរខេត្តកំពង់ចាម បាននិងកំពុងបង្កើនវិធានការយ៉ាងម៉ឺងម៉ាត់បំផុត ក្នុងការត្រួតពិនិត្យជនបរទេស និងទប់ស្កាត់បទល្មើសបច្ចេកវិទ្យា នេះបើយោងតាមបណ្ដាញសារព័ត៌មានពេញចិត្តមេរៀនទើបទទួលបាន នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នេះ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម បានដឹកនាំជំនួបសន្ទនាយ៉ាងសំខាន់ជាមួយ «ក្រុមការងារចម្រុះអធិការកិច្ចហត្ថពលកម្មបរទេស» នៅសាលាខេត្តកំពង់ចាម ដើម្បីបើកយុទ្ធនាការចុះពង្រឹងការអនុវត្តច្បាប់អន្តោប្រវេសន៍ និងច្បាប់ស្តីពីការងារ។
ជំនួបនេះធ្វើឡើងក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពការងារអធិការកិច្ចហត្ថពលកម្មបរទេស ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ស្របតាមផែនការសកម្មភាព មុនពេលក្រុមការងារចុះប្រតិបត្តិការផ្ទាល់នៅតាមបណ្តារោងចក្រ សហគ្រាស និងគ្រឹះស្ថាននានា ចំណុចសំខាន់ៗនៃបទបញ្ជា និងទិសដៅការងារ៖
១. ប្រតិបត្តិការផ្ទាល់ក្រុមការងារអន្តរក្រសួង និងអាជ្ញាធរមូលដ្ឋាន នឹងចុះធ្វើអធិការកិច្ចផ្ទាល់តាមបណ្តារោងចក្រ សហគ្រាស និងគ្រឹះស្ថាននានា ដើម្បីស្រាវជ្រាវ និងក្តាប់ឱ្យបានច្បាស់លាស់នូវចំនួនកម្មករ-និយោជិតបរទេសដែលកំពុងធ្វើការ និងស្នាក់នៅជាក់ស្តែង។
២. ឯកឧត្តមអភិបាលខេត្ត បានដាក់បទបញ្ជាក្តៅដល់កងកម្លាំងសមត្ថកិច្ច ឱ្យបង្កើនការស្រាវជ្រាវ និងទប់ស្កាត់ជាបន្ទាន់នូវបទល្មើសឆបោកតាមប្រព័ន្ធអេឡិចត្រូនិក (Online Scam) ដែលអាចលួចលាក់បង្កប់ធ្វើសកម្មភាពតាមទីតាំងរោងចក្រ សហគ្រាស ឬតំបន់សេដ្ឋកិច្ចពិសេស។
៣. ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ថា «ប្រសិនបើមានទីតាំងណាគេចវេះ ឬមិនផ្តល់កិច្ចសហការ អាជ្ញាធរនឹងអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត ដោយគ្មានការយោគយល់ឡើយ»។
បន្ថែមពីនេះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដែលបានខិតខំប្រឹងប្រែងរៀបចំផែនការ និងអនុវត្តជំនាញស្របតាមការណែនាំរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ធ្វើឱ្យការគ្រប់គ្រងហត្ថពលកម្មបរទេសក្នុងខេត្តទទួលបានលទ្ធផលល្អប្រសើរបន្តបន្ទាប់៕


