ខេត្តកំពង់ចាម៖ អគារប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នុរដំបង ស្ថិតក្នុងស្រុកជើងព្រៃ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ នាព្រឹកថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦ នេះ ដើម្បីពង្រឹងប្រសិទ្ធភាពសន្តិសុខ និងសម្រួលដល់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យកាន់តែឆាប់រហ័ស។
ពិធីក្រុងពាលី និងបញ្ចុះបឋមសិលាសាងសង់អគារថ្មីនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ដោយមានការចូលរួមពី លោក ឆាយ វ៉ាន់សី ប្រធានក្រុមប្រឹក្សាស្រុកជើងព្រៃ, លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ ព្រមទាំងមន្ត្រីនគរបាល អាជ្ញាធរដែនដី និងប្រជាពលរដ្ឋយ៉ាងកុះករ។
គម្រោងសាងសង់អគាររដ្ឋបាលថ្មីនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់ក្រសួងមហាផ្ទៃ ដែលបានអនុវត្តតាមអនុសាសន៍ដឹកនាំរបស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។
អគារប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នុរដំបង មានទំហំទទឹង ១១ម៉ែត្រ និងបណ្តោយ ៩ម៉ែត្រ ដែលនឹងត្រូវសាងសង់ឡើងយ៉ាងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងទម្រង់អគាររដ្ឋបាល។ អគារនេះមិនត្រឹមតែបំពេញតម្រូវការសម្រាប់ការបំពេញការងារ ការស្នាក់នៅ និងហូបចុករបស់កងកម្លាំងនគរបាលប្រចាំការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសម្រួលដល់ការឆ្លើយតបចំពោះសំណូមពរ និងការផ្តល់សេវាចាំបាច់ផ្សេងៗជូនប្រជាពលរដ្ឋក្នុងឃុំខ្នុរដំបងឲ្យមានភាពងាយស្រួល និងទាន់ពេលវេលាជាងមុន។
នៅក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានសម្តែងនូវការយកចិត្តទុកដាក់ចំពោះអាជ្ញាធរ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយបានឧបត្ថម្ភថវិកា និងសម្ភារជាអនុស្សាវរីយ៍ ជូនដល់លោកតា លោកយាយ ចំនួន ២០នាក់ (ក្នុងម្នាក់ៗទទួលបាន ក្រមា ១ និងថវិកា ២០,០០០ រៀល) និងកម្លាំងប្រជាការពារ ចំនួន ១០នាក់ (ក្នុងម្នាក់ៗទទួលបានថវិកា ១០,០០០ រៀល) ផងដែរ៕


