នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ជាទីបំផុត និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ជាទីបំផុត ព្រះអង្គទាំងទ្វេបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងក្រុមការងារ ស.ស.យ.ក. ចូលក្រាបថ្វាយបង្គំគាល់។
ព្រះរាជសកម្មភាពដ៏ថ្លៃថ្លានេះ បានប្រព្រឹត្តទៅនៅក្នុងព្រះមហាប្រាសាទខេមរិន្ទ ព្រះបរមរាជវាំង ដោយបង្ហាញពីព្រះរាជហឫទ័យយកព្រះទ័យទុកដាក់ និងព្រះរាជកិច្ចគាំពារចំពោះយុវជនកម្ពុជា និងសកម្មភាពរបស់ ស.ស.យ.ក. ក្នុងការចូលរួមបម្រើសង្គម និងជាតិ។
ឱកាសដ៏ឧត្តុង្គឧត្តមនេះ ក៏ជាការលើកទឹកចិត្តដល់យុវជនកម្ពុជា ឱ្យបន្តចូលរួមក្នុងសកម្មភាពសង្គម មនុស្សធម៌ កីឡា អប់រំ និងការងារស្ម័គ្រចិត្ត ដើម្បីរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយសន្តិភាព និងចីរភាព៕


