រដ្ឋបាលស្រុកកោះញែក អំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះជំនន់ទឹកភ្លៀង និងទឹកហូរធ្លាក់ពីលើភ្នំ

រដ្ឋបាលស្រុកកោះញែក អំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះជំនន់ទឹកភ្លៀង និងទឹកហូរធ្លាក់ពីលើភ្នំ

ខេត្តមណ្ឌលគិរី៖ រដ្ឋបាលស្រុកកោះញែក បានចេញសេចក្តីជូនដំណឹងជាបន្ទាន់ដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាង និងទប់ស្កាត់គ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ ដោយសារស្ថានភាពភ្លៀងកំពុងបន្តធ្លាក់ខ្លាំងជាប់ៗគ្នា។

លោក សី ទូច អភិបាលនៃគណៈអភិបាលស្រុកកោះញែក បានបញ្ជាក់នៅល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ថា ភ្លៀងដែលបានធ្លាក់យ៉ាងគំហុកនាពេលថ្មីៗនេះ បានបណ្តាលឱ្យមានទឹកហូរខ្លាំងពីលើតំបន់ភ្នំ ដែលបង្កផលវិបាកដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ លោកបានសម្តែងការព្រួយបារម្ភ និងអំពាវនាវជាពិសេសដល់បងប្អូនដែលរស់នៅតាមបណ្តោយអូរច្បារ និងដងទន្លេស្រែពក ព្រមទាំងអ្នកដែលមានបំណងធ្វើដំណើរឆ្លងកាត់តំបន់ផ្សេងៗ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត។

វិធានការត្រៀមលក្ខណៈ និងការឆ្លើយតបរបស់អាជ្ញាធរ៖

*.  រដ្ឋបាលស្រុកបានរៀបចំកងកម្លាំង និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៦ឃុំ រួមជាមួយមធ្យោបាយ និងសម្ភារៈសង្គ្រោះចាំបាច់ដូចជា ទូកសង្គ្រោះ អាវពោង ខ្សែពួ ប្រេងសាំង និងកានទឹក ដើម្បីអន្តរាគមន៍បានទាន់ពេលវេលា

*. ស្នើឱ្យសាធារណជន និងប្រជាសហគមន៍ទាំងអស់ ប្រញាប់ទំនាក់ទំនងទៅអាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចដែលនៅជិតបំផុត ជាបន្ទាន់ ប្រសិនបើតម្រូវឱ្យមានការជួយសង្គ្រោះ ឬជួបប្រទះហេតុការណ៍អាសន្នណាមួយ។

រដ្ឋបាលស្រុកកោះញែក សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់នឹងចូលរួមសហការអនុវត្តតាមការណែនាំនេះ ដើម្បីធានាសុវត្ថិភាពជីវិត និងទ្រព្យសម្បត្តិទាំងអស់គ្នា៕

Scroll to Top