ខេត្តតាកែវ៖ ព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ អមដំណេីរដោយលោក អ៊ំ ចំរើន អភិបាលស្រុកទ្រាំង បានចុះប្រគល់ផ្ទះ១ខ្នង ជូនលោក ម៉ាន សុខ អតីតយុទ្ធជនប្រភេទពិការ ស្ថិតនៅភូមិអណ្តែងសាំងជ្វា ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ។
ផ្ទះដែលប្រគល់ជូនអតីតយុទ្ធជនខាងលើនេះ គឺជាអំណោយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងកសាងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។ ក្រៅពីការប្រគល់ផ្ទះ លោក វ៉ី សំណាង ក៏បាននាំយកអំណោយជាសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ និងថវិកាមួយចំនួន ជូនលោក ម៉ាន សុខ ដើម្បីរួមចំណែកសម្រាលការលំបាក និងលើកទឹកចិត្តដល់អតីតយុទ្ធជនដែលបានបំពេញបេសកកម្មជូនជាតិ និងប្រជាជន។
អំណោយជាសម្ភារៈដែលបានប្រគល់ជូន រួមមាន អង្ករ ៣បេ ទឹកសុទ្ធ ២កេស មី ១កេស ប្រេងឆា ៥លីត្រ ត្រីខ ១យួរ ទឹកត្រី ១យួរ និងទឹកស៊ីអ៊ីវ ១យួរ ព្រមទាំងថវិកាមួយចំនួនផងដែរ។
ការប្រគល់ផ្ទះ និងអំណោយជូនអតីតយុទ្ធជនពិការ នៅពេលនេះ ត្រូវបានចាត់ទុកថា ជាសកម្មភាពមួយដែលបង្ហាញពីការយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន និងគ្រួសារ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងបុព្វហេតុការពារជាតិ និងសន្តិភាព ព្រមទាំងជាការរួមចំណែកជួយឱ្យពួកគាត់មានលំនៅឋានសមរម្យ និងជីវភាពកាន់តែប្រសើរឡើងរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់អតីតយុទ្ធជននៅតាមមូលដ្ឋានផងដែរ៕


