កំពង់ចាម៖ ស្មារតី «សមរភូមិក្រោយ គាំទ្រសមរភូមិមុខ» នៅតែបន្តស្តែងឡើងយ៉ាងរឹងមាំ! នាព្រឹកថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២៦ នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំប្រតិភូអមដំណើរ ចុះសាកសួរសុខទុក្ខផ្ទាល់ និងនាំយកជំនួយឧបត្ថម្ភជាច្រើន ទៅប្រគល់ជូនវីរនគរបាលជាតិ ដែលកំពុងឈរជើងបំពេញភារកិច្ចយ៉ាងប្រុងប្រយ័ត្ននៅទិសសមរភូមិមុខ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។
សកម្មភាពមនុស្សធម៌ និងស្មារតីស្នេហាជាតិនេះ រៀបចំឡើងដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម។
ក្នុងឱកាសជួបជុំប្រកបដោយបរិយាកាសស្និទ្ធស្នាល និងក្តុកក្តួល លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅបំផុតពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ព្រមទាំងតំណាងឱ្យកងកម្លាំងនគរបាលទូទាំងខេត្តកំពង់ចាម ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាពក្លាហាន និងការលះបង់សាច់ស្រស់ឈាមស្រស់របស់វីរកងទ័ព និងវីរនគរបាលគ្រប់រូប ដែលបានឈរជើងយ៉ាងរឹងមាំការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិពីការឈ្លានពាន។
គ្រឿងឧបភោគបរិភោគ និងថវិកាដែលបាននាំយកទៅឧបត្ថម្ភរួមមាន៖
*. ថវិកាសរុប៖ ១០ លានរៀល
*. គ្រឿងកំប៉ុង និងអាហារស្ងួត៖ មី ១៥០កេស, ត្រីខ ១៥ឡូ, ប្រហុកខ្ទិះ ១០គីឡូ, ត្រសក់ចាវ ២៥០គីឡូ, ឆៃប៉ូវផ្អែម ១០០គីឡូ, ត្រីងៀត ៩០គីឡូ, សាច់ក្រក ៣០គីឡូ, ប្រហុក ២៥គីឡូ, ងាំង៉ូវ ១០គីឡូ, និងសណ្ដានក្រៀម ៥គីឡូ
*. គ្រឿងភេសជ្ជៈ៖ ទឹកសុទ្ធ ៨០០កេស, ទឹកក្រូច ៥កេស, និងកាហ្វេ ១៥កញ្ចប់
*. គ្រឿងទេស និងសម្ភារប្រើប្រាស់៖ ពងទា ២,៦៥០គ្រាប់, អំបិល ៥០គីឡូ, ប៊ីចេង ១០គីឡូ, ទឹកស៊ីអ៊ីវ ១៩យួរ, ទឹកត្រី ១៧យួរ, សៀង ៥យួរ និងសាប៊ូ ១០កញ្ចប់
ជំនួយទាំងអស់នេះ មិនត្រឹមតែជាការសម្រាលបន្ទុកជីវភាពបោះជំរំនៅសមរភូមិមុខប៉ុណ្ណោះទេ ប៉ុន្តែគឺជាសាក្សីបង្ហាញពីចំណងដៃបេះដូង រវាងអ្នកនៅសមរភូមិក្រោយ និងអ្នកនៅសមរភូមិមុខ ឱ្យកាន់តែជិតស្និទ្ធ រឹងមាំ និងមានកម្លាំងចិត្តបន្តបេសកកម្មបម្រើជាតិមាតុភូមិយ៉ាងស្មោះស្ម័គ្រ៕


