ខេត្តកំពង់ចាម៖ ដើម្បីធានាបាននូវភាពយុត្តិធម៌ និងបង្កើនទំនុកចិត្តជូនប្រជាពលរដ្ឋ អាជ្ញាធរខេត្តកំពង់ចាមបាននិងកំពុងបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការសម្របសម្រួលដោះស្រាយទំនាស់ដីធ្លីនៅក្រៅប្រព័ន្ធតុលាការយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព។
ជាក់ស្តែង នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ នេះ នៅសាលាខេត្តកំពង់ចាម លោក សា ស៊ីថា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំសម្របសម្រួលដោះស្រាយករណីស្នើសុំចុះបញ្ជីដីធ្លីបំពេញបន្ថែម រវាងភាគីឈ្មោះ យូ ហុកស៊្រុន និងភាគីឈ្មោះ សាន សុខលីម ដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រែកដំបូកក្រោម ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
កិច្ចប្រជុំសម្របសម្រួលនេះ មានការអញ្ជើញចូលរួមពីសំណាក់លោក-លោកស្រីតំណាងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត, មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋាន រួមមានមេឃុំព្រែកដំបូក និងមេភូមិព្រែកដំបូកក្រោម ដើម្បូរួមគ្នាបកស្រាយទិដ្ឋភាពច្បាប់ បច្ចេកទេស និងស្វែងរកដំណោះស្រាយសមស្រប បញ្ចប់វិវាទដោយឈរលើគោលការណ៍ឈ្នះ-ឈ្នះ និងយុត្តិធម៌សម្រាប់ភាគីទាំងសងខាង។
ការបន្តចុះដោះស្រាយទំនាស់ដីធ្លីជាហូរហែនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រដ្ឋបាលខេត្តកំពង់ចាម ក្នុងការកាត់បន្ថយការកកស្ទះបណ្តឹងនៅតុលាការ លើកកម្ពស់សុខសន្តិភាព និងរក្សាបាននូវកុសលចិត្ត និងសាមគ្គីភាពយ៉ាងរឹងមាំក្នុងសហគមន៍មូលដ្ឋាន៕


