ខេត្តកំពង់ចាម៖ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម និងផ្នែករដ្ឋបាលជលផលកំពង់សៀម ដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលបានចំនួន ២ករណី ស្ថិតក្នុងឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ដោយបានរុះរើ និងបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់ជាច្រើន។
ទោះបីជាយ៉ាងណា ប្រតិបត្តិការចុះបង្ក្រាបបានជាបន្តបន្ទាប់នេះ បានចោទជាសំណួរយ៉ាងក្តៅគគុកពីសាធារណជន និងប្រជានេសាទចំពោះ ភាពទទួលខុសត្រូវរបស់អាជ្ញាធរដែនដី និងសមត្ថកិច្ចមូលដ្ឋានឃុំខ្ពបតាងួន ដែលបានបណ្តែតបណ្តោយឱ្យមានការដាក់ឧបករណ៍បំផ្លាញធនធានធម្មជាតិយ៉ាងអនាធិបតេយ្យក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយគ្មានការទប់ស្កាត់ ឬបង្ក្រាបឱ្យបានទាន់ពេលវេលា រហូតទាល់តែមានអន្តរាគមន៍ពីថ្នាក់ខេត្ត។
លទ្ធផលនៃការបង្ក្រាបរួមមាន៖
ករណីទី១ (នៅតាមដងទន្លេមេគង្គ ភូមិ/ឃុំខ្ពបតាងួន)៖ កម្លាំងជំនាញបានរុះរើ និងបំផ្លាញចោលឧបករណ៍លូស្បៃមុងចំនួន ១២មាត់, របាំងស្បៃមុងប្រវែង ៦០០ម៉ែត្រ, បង្គោលចម្រឹងចំនួន ៣០០ដើម និងបានចាក់លែងកូនត្រីចម្រុះទម្ងន់ ៣៦គីឡូក្រាមចូលទៅក្នុងធម្មជាតិវិញ។
ករណីទី២ (នៅចំណុចក្នុងព្រែកខ្ពបតាងួន ឃុំខ្ពបតាងួន)៖ បានរុះរើ និងបំផ្លាញចោលឧបករណ៍លូស្បៃមុងចំនួន ៥មាត់, របាំងស្បៃមុងប្រវែង ២៥០ម៉ែត្រ, បង្គោលចម្រឹងចំនួន ១២៥ដើម ព្រមទាំងចាក់លែងកូនត្រីចម្រុះទម្ងន់ ២០គីឡូក្រាម។
មហាជនបានសំណូមពរយ៉ាងទទូចដល់រដ្ឋបាលខេត្តកំពង់ចាម មេត្តាចាត់វិធានការក្តៅ និងពិនិត្យមើលការទទួលខុសត្រូវរបស់អាជ្ញាធរមូលដ្ឋាន ឃុំ-ស្រុក ដែលបណ្តោយឱ្យបទល្មើសជលផលកើតឡើងយ៉ាងចំហបែបនេះ ដើម្បីកុំឱ្យមានរូបភាព “កើតបទល្មើសនៅមូលដ្ឋាន រង់ចាំតែថ្នាក់លើចុះរុះរើ” បន្តទៀត៕


