ខេត្តកណ្ដាល៖ ប្រជាពលរដ្ឋរស់នៅភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល បានសម្តែងការព្រួយបារម្ភ និងចោទជាសំណួរជុំវិញសំណង់ឃ្លាំងផ្ទុកទំនិញដ៏ធំមួយ ដែលកំពុងដំណើរការសាងសង់យ៉ាងសស្រាក់សស្រាំ ដោយរងការសង្ស័យថា ពុំទាន់មានលិខិតអនុញ្ញាតសាងសង់ (ច្បាប់សំណង់) ត្រឹមត្រូវពីអាជ្ញាធរ និងក្រសួង-ស្ថាប័នជំនាញនៅឡើយ។
ប្រភពពីប្រជាពលរដ្ឋនៅមូលដ្ឋានបានឱ្យដឹងថា ការសាងសង់សំណង់គ្រប់ប្រភេទ មិនថាជាផ្ទះសម្បែង រោងចក្រ ឬឃ្លាំងនោះទេ ត្រូវតែអនុវត្តស្របតាមច្បាប់ស្តីពីសំណង់ និងបទដ្ឋានបច្ចេកទេសជាធរមាន ដើម្បីធានាសុវត្ថិភាពសាធារណៈ ការរៀបចំដែនដី បរិស្ថាន និងសណ្តាប់ធ្នាប់សង្គម។ ប្រសិនបើការសាងសង់នេះប្រព្រឹត្តទៅដោយគ្មានការអនុញ្ញាតមែននោះ វាអាចបង្កជាហានិភ័យផ្នែកសុវត្ថិភាព និងប៉ះពាល់ដល់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់។
ជុំវិញករណីនេះ សាធារណជនបានចោទជាសំណួរទៅកាន់អាជ្ញាធរមូលដ្ឋាន ជាពិសេសលោក នូ សុវណ្ណារិទ្ធ អភិបាលស្រុកអង្គស្នួល អំពីកាតព្វកិច្ចចុះត្រួតពិនិត្យ ទប់ស្កាត់ និងអនុវត្តច្បាប់ចំពោះសំណង់ដែលគ្មានការអនុញ្ញាតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ពាក់ព័ន្ធនឹងការលើកឡើងខាងលើ បណ្តាញសារព័ត៌មានពេញចិត្តមេឌា មិនទាន់អាចសុំការបំភ្លឺ ឬការបកស្រាយជាផ្លូវការពី លោក នូ សុវណ្ណារិទ្ធ អភិបាលស្រុកអង្គស្នួល បាននៅឡើយទេ គិតត្រឹមម៉ោងផ្សាយនេះ ដោយសារការទំនាក់ទំនងតាមទូរស័ព្ទពុំមានអ្នកទទួល និងការផ្ញើសារសាកសួរតាមប្រព័ន្ធ Telegram មិនទាន់មានការឆ្លើយតប។ សារព័ត៌មានពេញចិត្តមេឌារង់ចាំទទួលការបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធជានិច្ច ដើម្បីធានាតម្លាភាព និងតុល្យភាពព័ត៌មាន។
ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋ និងសាធារណជន បានគោរពស្នើសុំយ៉ាងទទូចដល់ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល មេត្តាចាត់មន្ត្រីជំនាញនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល សហការជាមួយអាជ្ញាធរពាក់ព័ន្ធ ចុះស្រាវជ្រាវ និងត្រួតពិនិត្យបច្ចេកទេសលើទីតាំងសំណង់ខាងលើជាបន្ទាន់។
សាធារណជនរំពឹងយ៉ាងមុតមាំថា អាជ្ញាធរខេត្តកណ្តាលនឹងអនុវត្តវិធានការច្បាប់ដោយស្មើភាព គ្មានការលើកលែង ឬយោគយល់ចំពោះសំណង់ខុសច្បាប់ណាមួយឡើយ ដើម្បីពង្រឹងនីតិរដ្ឋ រក្សាកិត្តិយសរដ្ឋបាលខេត្ត និងបង្កើតទំនុកចិត្តជូនប្រជាពលរដ្ឋជាម្ចាស់ឆ្នោត៕


