មន្ទីរសុខាភិបាលខេត្តកណ្ដាល បើកការស៊ើបអង្កេតករណីចោទប្រកាន់លើគ្រូពេទ្យមណ្ឌលសុខភាពសិត្បូ រឿងបំពានរាងកាយអ្នកជំងឺវ័យក្មេង

មន្ទីរសុខាភិបាលខេត្តកណ្ដាល បើកការស៊ើបអង្កេតករណីចោទប្រកាន់លើគ្រូពេទ្យមណ្ឌលសុខភាពសិត្បូ រឿងបំពានរាងកាយអ្នកជំងឺវ័យក្មេង

ខេត្តកណ្ដាល៖ មន្ទីរសុខាភិបាលខេត្តកណ្ដាល បានប្រកាសបើកការស្រាវជ្រាវយ៉ាងម៉ត់ចត់ លើករណីគ្រូពេទ្យម្នាក់រងការចោទប្រកាន់ពីបទបំពានរាងកាយលើអ្នកជំងឺស្រីវ័យក្មេង ដែលកំពុងបង្កឱ្យមានការរំជើបរំជួល និងប្រតិកម្មយ៉ាងខ្លាំងពីសំណាក់សាធារណជននៅលើបណ្ដាញសង្គម។

លោក គាម ពិសិដ្ឋ ប្រធានស្ដីទីនៃមន្ទីរសុខាភិបាលខេត្តកណ្ដាល បានថ្លែងនៅព្រឹកថ្ងៃទី០៤ ខែសីហានេះថា មន្ទីរនឹងពិនិត្យពិច័យ និងសួរនាំយ៉ាងស៊ីជម្រៅលើករណីនេះ។ លោកបានសង្កត់ធ្ងន់ថា ប្រសិនបើតាមការស៊ើបអង្កេតរកឃើញថា គ្រូពេទ្យរូបនោះពិតជាបានប្រព្រឹត្តអំពើបំពានលើរាងកាយអ្នកជំងឺពិតប្រាកដមែន មន្ទីរនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់តាមក្រមសីលធម៌ និងវិជ្ជាជីវៈគ្រូពេទ្យ។ ប្រសិនបើករណីនេះហួសពីសមត្ថកិច្ច ឬមិនមានការយល់ស្របណាមួយ មន្ទីរនឹងបញ្ជូនសំណុំរឿងទៅកាន់ថ្នាក់លើ និងអាជ្ញាធរមានសមត្ថកិច្ចដើម្បីចាត់ការតាមផ្លូវច្បាប់។

ដើមហេតុនៃព្រឹត្តិការណ៍នេះ បានកើតឡើងចំពោះយុវតីអាយុ ១៦ឆ្នាំម្នាក់ ដែលត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់។ ក្រុមគ្រួសារជនរងគ្រោះបានសម្តែងការខឹងសម្បារ និងចោទប្រកាន់ថា សកម្មភាពរបស់លោកគ្រូពេទ្យ ឈុន ផល្លី ប្រធានមណ្ឌលសុខភាពសិត្បូ ដែលបានធ្វើសកម្មភាពក្រោមលេសថា “ការសង្គ្រោះបឋម (CPR)” ទាំងនៅលើគ្រែពេទ្យក្នុងមណ្ឌលសុខភាព និងនៅលើរថយន្តសង្គ្រោះបន្ទាន់នោះ គឺជាអំពើបៀតបៀន និងបំពានរាងកាយយ៉ាងធ្ងន់ធ្ងរមកលើរាងកាយរបស់នារីរងគ្រោះ។

លើសពីនេះ ក្រុមគ្រួសារអ្នកជំងឺបានទម្លាយទៀតថា លោកគ្រូពេទ្យរូបនោះថែមទាំងបានប្រើប្រាស់ទម្រង់គំរាមកំហែងឱ្យពួកគេលុបរូបភាព និងព័ត៌មានដែលបានបង្ហោះនៅលើបណ្ដាញសង្គមទៀតផង។ ទោះជាយ៉ាងណា គ្រួសាររងគ្រោះបានបដិសេធមិនលុប ដោយប្រកាន់ជំហររឹងមាំក្នុងការស្វែងរកយុត្តិធម៌ និងភាពស្អាតស្អំជូនកូនស្រី។

ដោយឡែក លោកគ្រូពេទ្យ ឈុន ផល្លី បានធ្វើការបដិសេធចំពោះការចោទប្រកាន់នេះ ដោយអះអាងថា សកម្មភាពរបស់លោកគឺជាបច្ចេកទេសសង្គ្រោះបឋមទៅតាមវិជ្ជាជីវៈតែប៉ុណ្ណោះ មិនមែនជាការបៀតបៀនរាងកាយដូចការចោទប្រកាន់ឡើយ។

បច្ចុប្បន្ន មហាជន និងមតិសាធារណៈកំពុងតាមដានករណីនេះយ៉ាងយកចិត្តទុកដាក់ ដោយទាមទារឱ្យមានការស៊ើបអង្កេតប្រកបដោយតម្លាភាព យុត្តិធម៌ និងគ្មានការយោគយល់ ដើម្បីផ្តល់ភាពស្អាតស្អំ និងយុត្តិធម៌ពិតប្រាកដដល់ភាគីរងគ្រោះ ព្រមទាំងរក្សាជំនឿទុកចិត្តលើវិស័យសុខាភិបាលសាធារណៈផងដែរ៕

screenshot 20260804 113736 facebook img 20260804 115300 438 screenshot 20260804 113705 facebook screenshot 20260804 113447 facebook screenshot 20260804 112037 facebook videocapture 20260804 115316

Scroll to Top