ខេត្តកំពង់ចាម៖ ប្រជាពលរដ្ឋរស់នៅក្នុងឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានសម្តែងការកង្វល់ និងអំពាវនាវសុំការបកស្រាយពីអាជ្ញាធរខេត្តកំពង់ចាម ពាក់ព័ន្ធនឹងវឌ្ឍនភាពនៃគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែ ភ្ជាប់ពីចំណុចព្រែកដំបូក ទៅកាន់ឃុំបារាយណ៍ ដែលរហូតមកទល់ពេលនេះ នៅមិនទាន់ឃើញមានសកម្មភាពសាងសង់នៅឡើយ បើទោះបីជាពិធីបើកការដ្ឋានត្រូវបានប្រារព្ធឡើងតាំងពីដើមឆ្នាំ២០២៣ ក៏ដោយ។
យោងតាមប្រភពពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបានឱ្យដឹងថា ពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាសេបេតុង (AC) ឬបេតុងឆ្អឹងដែកខាងលើនេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣។ ប៉ុន្តែគិតត្រឹមដើមឆ្នាំ២០២៦ នេះ រយៈពេលប្រមាណ ៣ឆ្នាំ បានកន្លងផុតទៅ ដោយពុំទាន់ឃើញមានគ្រឿងចក្រ ឬសកម្មភាពឈូសឆាយធ្វើផ្លូវចេញជារូបរាងនៅឡើយ ដែលធ្វើឱ្យពលរដ្ឋមានការងឿងឆ្ងល់ជាខ្លាំង។
តំណាងប្រជាពលរដ្ឋបានលើកឡើងថា កន្លងមក ពួកគាត់បានព្យាយាមទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមទៅកាន់ក្រុមការងារព័ត៌មាននៃរដ្ឋបាលស្រុកស្រីសន្ធរ និងរដ្ឋបាលឃុំបារាយណ៍ ប៉ុន្តែមិនទាន់ទទួលបានការបញ្ជាក់ច្បាស់លាស់ ឬការឆ្លើយតបផ្លូវការណាមួយអំពីមូលហេតុ ឬឧបសគ្គដែលនាំឱ្យមានការពន្យារពេលនៃគម្រោងនេះនៅឡើយទេ។
បញ្ហាដីខ្សាច់ ធូលី និងផ្លូវខូចខាតខ្លាំង បាននិងកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅប្រចាំថ្ងៃ និងសុខភាពរបស់ប្រជាពលរដ្ឋ។ នៅរដូវវស្សា ផ្លូវមួយខ្សែនេះប្រែជាលាយឡំដោយភក់ជ្រាំ និងមានជង្ហុកធំៗ បង្កគ្រោះថ្នាក់ដល់ការធ្វើដំណើរ ចំណែកនៅរដូវប្រាំងវិញ ធូលីដីហុយខ្លាំងប៉ះពាល់ដល់ការរស់នៅ និងការប្រកបអាជីវកម្មផ្សេងៗ។
តាមរយៈសំណូមពរនេះ ប្រជាពលរដ្ឋក្នុងឃុំបារាយណ៍ ស្នើសុំយ៉ាងទទូចដល់ ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម មេត្តាចាត់វិធានការពិនិត្យ និងជំរុញដំណើរការគម្រោងនេះឱ្យបានឆាប់រហ័ស។ ជាមួយគ្នានេះដែរ ប្រសិនបើគម្រោងនេះជួបបញ្ហាបច្ចេកទេស ឬត្រូវពន្យារពេលបន្តទៀត ពលរដ្ឋសុំឱ្យអាជ្ញាធរពាក់ព័ន្ធមេត្តាផ្តល់ព័ត៌មានឱ្យបានច្បាស់លាស់ និងកំណត់ពេលវេលារំពឹងទុកដែលផ្លូវនេះនឹងត្រូវសាងសង់រួចរាល់ ដើម្បីឱ្យពួកគាត់បានជ្រាប និងងាយស្រួលក្នុងការរៀបចំផែនការរស់នៅប្រចាំថ្ងៃ៕


