ខេត្តកណ្តាល៖ រដ្ឋបាលខេត្តកណ្តាល បន្តបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងកែលម្អសោភ័ណ្ឌភាពទីក្រុង ដោយនៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំអាជ្ញាធរក្រុងតាខ្មៅ កងកម្លាំងមានសមត្ថកិច្ច មន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យ និងបន្តអនុវត្តការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈ តាមបណ្តោយផ្លូវលេខ១១៥ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ។
ប្រតិបត្តិការនេះផ្តោតលើការរុះរើសំណង់ សំយាប បដាផ្សព្វផ្សាយ និងរបស់របរផ្សេងៗដែលបានរំលោភលើចំណីផ្លូវ និងចិញ្ចើមផ្លូវ ដើម្បីបើកលំហផ្លូវឱ្យមានភាពទូលាយ ងាយស្រួលក្នុងការធ្វើដំណើរ និងកាត់បន្ថយការកកស្ទះចរាចរណ៍។
ក្នុងឱកាសចុះពិនិត្យការងារនេះ ឯកឧត្តម ណុប ដារ៉ា បានបញ្ជាក់ថា ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ គឺជាផ្នែកមួយនៃយុទ្ធនាការអភិវឌ្ឍទីក្រុងរបស់រដ្ឋបាលខេត្ត ដែលមានគោលបំណងធ្វើឱ្យបរិស្ថានទីក្រុងមានរបៀបរៀបរយ សោភ័ណ្ឌភាពស្រស់ស្អាត ស្របតាមទិសដៅនៃការអភិវឌ្ឍទីក្រុងទំនើប និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ។
ឯកឧត្តមអភិបាលរងខេត្ត បានគូសបញ្ជាក់ថា ការរៀបចំសណ្តាប់ធ្នាប់នៅតាមដងផ្លូវសាធារណៈ មិនត្រឹមតែធ្វើឱ្យទីក្រុងមានភាពស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកធានាសុវត្ថិភាពក្នុងការធ្វើដំណើរ កាត់បន្ថយការកកស្ទះ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ។
ជាមួយគ្នានេះ ឯកឧត្តម ណុប ដារ៉ា ក៏បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះស្មារតីចូលរួមរបស់ប្រជាពលរដ្ឋ អាជីវករ និងម្ចាស់លំនៅឋាននៅតាមបណ្តោយផ្លូវលេខ១១៥ ដែលបានស្ម័គ្រចិត្តសហការរុះរើសំណង់ និងសម្ភារៈផ្សេងៗដែលរំលោភលើចិញ្ចើមផ្លូវ និងចំណីផ្លូវ ដើម្បីរួមគ្នាកសាងទីក្រុងឱ្យមានសណ្តាប់ធ្នាប់ និងបរិស្ថានល្អ។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា ការរៀបចំសណ្តាប់ធ្នាប់នេះ មិនមែនជាការរំខានដល់ការប្រកបមុខរបររបស់ប្រជាពលរដ្ឋនោះទេ ប៉ុន្តែជាការបង្កើតបរិយាកាសល្អប្រសើរសម្រាប់ការរស់នៅ និងការប្រើប្រាស់ផ្លូវសាធារណៈប្រកបដោយសុវត្ថិភាព និងសណ្តាប់ធ្នាប់។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលរងខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអាជីវករទាំងអស់ បន្តចូលរួមថែរក្សាអនាម័យ សណ្តាប់ធ្នាប់ និងសោភ័ណ្ឌភាពទីក្រុង ដោយមិនដាក់តាំងទំនិញ ឬសាងសង់សំណង់រំលោភលើចំណីផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ ព្រមទាំងចូលរួមគោរពច្បាប់ និងបទប្បញ្ញត្តិរបស់អាជ្ញាធរមានសមត្ថកិច្ច។
រដ្ឋបាលខេត្តកណ្តាល នឹងបន្តចុះអប់រំ ណែនាំ និងអនុវត្តវិធានការចាំបាច់ជាបន្តបន្ទាប់ មិនត្រឹមតែក្នុងក្រុងតាខ្មៅប៉ុណ្ណោះទេ ប៉ុន្តែនឹងពង្រីកការរៀបចំសណ្តាប់ធ្នាប់សាធារណៈនៅទូទាំងក្រុង-ស្រុកទាំង១៣ នៃខេត្តកណ្តាល ដើម្បីកសាងបរិស្ថានរស់នៅប្រកបដោយភាពស្រស់ស្អាត សុវត្ថិភាព និងភាពទាក់ទាញ សម្រាប់ជាប្រយោជន៍រួមរបស់ប្រជាពលរដ្ឋទាំងអស់៕


