ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ នេះ ប្រជាពលរដ្ឋធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ កំពុងសម្តែងការមិនពេញចិត្ត និងរិះគន់យ៉ាងខ្លាំងចំពោះអាជីវកម្មដេប៉ូខ្សាច់ចំនួន ២កន្លែង ដែលកំពុងបណ្តែតបណ្តោយឱ្យរថយន្តដឹកជញ្ជូនខ្សាច់របស់ខ្លួន បង្កផលប៉ះពាល់ដល់អ្នកធ្វើដំណើរតាមផ្លូវនិងសាធារណជន។
ដេប៉ូខ្សាច់ «តាំង រ៉ានី» និង ដេប៉ូខ្សាច់ «ចាន់ណា» ស្ថិតក្នុងភូមិសាស្ត្រ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
បើតាមប្រជាពលរដ្ឋនៅតំបន់នោះបានប្រាប់ឲ្យដឹងថារថយន្តដឹកខ្សាច់ចេញពីដេប៉ូទាំងពីរនេះ មិនគ្របតង់ឱ្យបានត្រឹមត្រូវនោះទេ បណ្តាលឱ្យជ្រុះខ្សាច់រាយប៉ាយពេញបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រខាងលើ។
ពួកគាត់បានបន្តទៀតថា រាល់ថ្ងៃគឺមានការព្រួយបារម្ភ ក្នុងការធ្វើដំណើរដែលអាចនិងបណ្តាលឲ្យមានផលប៉ះពាល់លើសុវត្ថិភាព
យោងតាមការលើកឡើងពីប្រជាពលរដ្ឋ ឡានដឹកខ្សាច់ទាំងនោះបានបើកបរចេញចូល ដោយខ្វះការទទួលខុសត្រូវ មិនខ្វល់ខ្វាយពីសុវត្ថិភាពរបស់អ្នកធ្វើដំណើរតាមដងផ្លូវទាល់តែសោះ។
ខ្សាច់ដែលជ្រុះតាមផ្លូវអាចហុយបណ្តាលឱ្យចូលភ្នែកអ្នកបើកបរម៉ូតូ ឬធ្វើឱ្យរអិលដួល ដែលជាប្រភពគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។
ពួកគាត់បានបន្ថែមទៀតថា រហូតមកទល់ពេលនេះ អាជ្ញាធរស្រុកកៀនស្វាយ ដែលដឹកនាំដោយលោក ឡូវ សុខសាន្ត អភិបាលស្រុក មិនទាន់មានវិធានការផ្លូវច្បាប់ឱ្យបានជាក់លាក់ ឬតឹងរ៉ឹងទៅលើដេប៉ូខ្សាច់ទាំងពីរខាងលើនេះនៅឡើយទេ ដែលធ្វើឱ្យអាជីវកម្មទាំងនេះនៅតែបន្តសកម្មភាពដដែលជាដដែល។
ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិសាស្ត្រខាងលើ និងធ្វើដំណើរតាមដងផ្លូវជាតិលេខ១ សូមសំណូមពរយ៉ាងទទូចដល់ថ្នាក់ដឹកនាំស្រុកកៀនស្វាយ ក៏ដូចជាថ្នាក់ដឹកនាំខេត្តកណ្តាល មេត្តាជួយពិនិត្យ និងមានវិធានការក្តៅដើម្បីទប់ស្កាត់ និងផាកពិន័យទៅតាមច្បាប់ជាបន្ទាន់ ដើម្បីធានាសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ៕


