ខេត្តកណ្តាល៖ ប្រជាពលរដ្ឋរស់នៅតាមដងទន្លេបាសាក់ ក្នុងស្រុកស្អាង បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង និងស្នើសុំកិច្ចអន្តរាគមន៍ជាបន្ទាន់ពីក្រសួងរ៉ែ និងថាមពល និងមន្ទីរជំនាញពាក់ព័ន្ធ នៃរដ្ឋបាលខេត្តកណ្តាល មេត្តាជួយចុះពិនិត្យ និងមានវិធានការច្បាប់ចំពោះក្រុមសាឡង់បូមខ្សាច់ជាច្រើនគ្រឿង ដែលកំពុងសម្រុកបូមខ្សាច់យ៉ាងគំហុកកៀកនឹងច្រាំងទន្លេ។
ពលរដ្ឋបានអះអាងថា សកម្មភាពសាឡង់បូមខ្សាច់ទាំងអស់នោះកំពុងធ្វើសកម្មភាពជាក់ស្តែង ស្ថិតនៅតាមដងទន្លេបាសាក់ ត្រង់ចំណុចខាងក្រោយសាលាស្រុកស្អាងផ្ទាល់ និងផ្នែកខាងកើតទន្លេ ស្ថិតក្នុងទឹកដី ឃុំត្រើយស្លា និង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។
ក្រុមសាឡង់ទាំងនោះបាននិងកំពុងធ្វើសកម្មភាពបូមខ្សាច់យ៉ាងអាណាធិបតេយ្យ មកប្រកៀកជិតៗច្រាំងក្បែរលំនៅឋានរបស់ប្រជាពលរដ្ឋ ដែលសកម្មភាពនេះកំពុងបង្កហានិភ័យខ្ពស់ដល់ការបាក់ស្រុតច្រាំងទន្លេ ប៉ះពាល់ដល់ផ្ទះសំបែង ទ្រព្យសម្បត្តិ និងសុវត្ថិភាពរស់នៅរបស់ពួកគាត់។ ប្រជាពលរដ្ឋកត់សម្គាល់ថា សកម្មភាពនេះហាក់បីដូចជាមិនគោរពតាមសារាចរណែនាំ និងបទដ្ឋានបច្ចេកទេសរបស់ក្រសួងជំនាញនោះឡើយ។
បើយោងតាមទិដ្ឋភាពផ្លូវច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ
ដើម្បីការពារផលប្រយោជន៍ ស្របច្បាប់របស់ប្រជាពលរដ្ឋ និងបរិស្ថានទន្លេ សកម្មភាពបូមខ្សាច់ខាងលើអាចនឹងកំពុងរំលោភបំពានលើបទប្បញ្ញត្តិដូចខាងក្រោម៖
ច្បាប់ស្តីពីការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែ (ឆ្នាំ២០០១)៖ រាល់ការធ្វើអាជីវកម្មរ៉ែ (រួមទាំងខ្សាច់សំណង់) ត្រូវតែមានអាជ្ញាប័ណ្ណត្រឹមត្រូវ និងត្រូវអនុវត្តតាមលក្ខខណ្ឌបច្ចេកទេសដាច់ខាត ដើម្បីមិនឱ្យប៉ះពាល់ដល់បរិស្ថាន និងទ្រព្យសម្បត្តិសាធារណៈ ឬឯកជន។ ការបូមខ្សាច់ខុសបច្ចេកទេស ឬគ្មានច្បាប់អនុញ្ញាត ត្រូវប្រឈមនឹងទោសទណ្ឌតាមច្បាប់។
ក្រសួងតែងតែមានការណែនាំស្តីពីការកំណត់ដែនបច្ចេកទេស (Buffer Zone) ពោលគឺ ហាមដាច់ខាតការបូមខ្សាច់កៀកច្រាំងទន្លេ ដែលអាចបង្កឱ្យមានលំហូរដី និងបាក់ស្រុតច្រាំងទន្លេ។ ក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណ ត្រូវតែបូមនៅក្នុងដានជម្រៅ ដែលកំណត់ដោយក្រសួងតែប៉ុណ្ណោះ។
ច្បាប់ភូមិបាល ឆ្នាំ២០០១ ច្រាំងទន្លេ និងដងទន្លេ គឺជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ (មាត្រា ១៥)។ ការធ្វើសកម្មភាពណាមួយដែលបំផ្លិចបំផ្លាញ ឬធ្វើឱ្យខូចខាតដល់ទ្រព្យសម្បត្តិសាធារណៈ និងបង្កគ្រោះថ្នាក់ដល់កម្មសិទ្ធិឯកជនរបស់ពលរដ្ឋជិតខាង គឺជាទង្វើខុសច្បាប់។
ប្រជាពលរដ្ឋដែលរស់តំបន់នោះពួកគាត់ស្នើសុំឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និង លោកប្រធានមន្ទីររ៉ែ និងថាមពលខេត្តកណ្តាល មេត្តាចាត់មន្ត្រីជំនាញចុះពិនិត្យ វាស់វែង និងពិនិត្យអាជ្ញាប័ណ្ណ ព្រមទាំងដែនកំណត់បច្ចេកទេសរបស់សាឡង់ទាំងនោះជាបន្ទាន់។
រដ្ឋបាលខេត្តកណ្តាល និងអាជ្ញាធរស្រុកស្អាង មេត្តាជួយផ្អាកសកម្មភាពបូមខ្សាច់ដែលនៅកៀកច្រាំងនោះជាបណ្តោះអាសន្ន ដើម្បីបង្ការគ្រោះថ្នាក់បាក់ដី មុននឹងមានការខូចខាតទ្រព្យសម្បត្តិពលរដ្ឋដែលមិនអាចស្តារឡើងវិញបាន។
ប្រជាពលរដ្ឋសង្ឃឹមយ៉ាងមុតមាំថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់នឹងមិនបណ្តែតបណ្តោយឱ្យសកម្មភាពអាណាធិបតេយ្យនេះបន្តកើតមាន ដែលនាំឱ្យប៉ះពាល់ដល់ទំនុកចិត្តលើការគ្រប់គ្រងធនធានធម្មជាតិ និងការការពារសុវត្ថិភាពជូនប្រជាជនមូលដ្ឋាននោះឡើយ៕


