ដងស្ទឹងព្រែកត្នោតក្បែរទ្វារទឹករលាំងជ្រៃ រងការចាក់ដីរំលោភយកធ្វើកម្មសិទ្ធិ ឯអាជ្ញាធររក្សាភាពស្ងៀមស្ងាត់

ដងស្ទឹងព្រែកត្នោតក្បែរទ្វារទឹករលាំងជ្រៃ រងការចាក់ដីរំលោភយកធ្វើកម្មសិទ្ធិ ឯអាជ្ញាធររក្សាភាពស្ងៀមស្ងាត់

ខេត្តកំពង់ស្ពឺ ៖ ថ្មីៗនេះ ប្រជាពលរដ្ឋ និងមហាជនជាច្រើន បានសម្តែងការព្រួយបារម្ភ និងរិះគន់យ៉ាងខ្លាំង ចំពោះសកម្មភាពចាក់ដី និងគ្រួស រំលោភចូលទៅក្នុងដងស្ទឹងព្រែកត្នោត ចម្ងាយរាប់ម៉ែត្រ ស្ថិតនៅប៉ែកខាង ត្បូង នៃទ្វារទឹករលាំងជ្រៃ ក្នុងភូមិសាស្ត្រឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយមិនមានការរារាំង ឬអន្តរាគមន៍ពីអាជ្ញាធរមូលដ្ឋាននោះឡើយ ។

ទ្វារទឹករលាំងជ្រៃ គឺជាសំណង់ស្ទាក់ទឹក និងជាប្រព័ន្ធធារាសាស្ត្រដ៏មានសារៈសំខាន់បំផុតមួយ ស្ថិតនៅលើដងស្ទឹងព្រែកត្នោត។ សំណង់ប្រវត្តិសាស្ត្រនេះដើរតួនាទីយ៉ាងគន្លឹះក្នុងការគ្រប់គ្រង និងបែងចែកប្រភពទឹកសម្រាប់បម្រើដល់វិស័យកសិកម្មរបស់ប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារ។ អ្វីដែលរឹតតែសំខាន់ជាងនេះទៅទៀតនោះ វាគឺជាយន្តការយុទ្ធសាស្ត្រក្នុងការរំដោះទឹក ដើម្បីកាត់បន្ថយ និងទប់ស្កាត់គ្រោះទឹកជំនន់មិនឲ្យជន់លិចរាជធានីភ្នំពេញ ខេត្តកណ្តាល និងតំបន់ជុំវិញនោះ ។

ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្នភាពនៃដងស្ទឹងដ៏សំខាន់មួយនេះ កំពុងតែរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរពីសំណាក់បុគ្គលខិលខូចមួយចំនួន ដែលបាននិងកំពុងធ្វើសកម្មភាពចាក់ដីរំលោភយកផ្ទៃទឹកយ៉ាងរំភើយ ។

ប្រភពព័ត៌មាន និងការលើកឡើងរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានបង្ហាញឲ្យដឹងថា សកម្មភាពចាក់ដី និងគ្រួសពង្រីកព្រំដែនដីគោកចូលទៅក្នុងដងស្ទឹងនេះ បានធ្វើឲ្យផ្លូវទឹកកាន់តែចង្អៀតទៅៗ។ មហាជនបានលើកឡើងជាមតិរួមថា តាមគោលការណ៍ ផ្លូវទឹកកាន់តែធំ កាន់តែល្អ សម្រាប់ការរំដោះទឹក។ ចុះបើបុគ្គលមួយចំនួនគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន ហើយហ៊ានចាក់ដីលុបដងស្ទឹងជាប់នឹងទ្វារទឹកបែបនេះ តើមិនខ្លាចបង្កើតជាមហន្តរាយដល់សង្គមជាតិទេ ឬ ?

ករណីនេះបានបង្កើតជាមន្ទិលសង្ស័យយ៉ាងខ្លាំងពីសំណាក់មហាជន ដោយពួកគេដាក់ការសង្ស័យថា ម្ចាស់ដីដែលកំពុងចាក់រំលោភបំពាននេះ ប្រហែលជាមិនមែនជាប្រជាពលរដ្ឋសាមញ្ញធម្មតានោះឡើយ ទើបអាចធ្វើសកម្មភាពបែបនេះបាន ដោយអាជ្ញាធរមូលដ្ឋាន «មិនហ៊ានក្អក» ឬចុះហាមឃាត់ទាល់តែសោះ។ មតិខ្លះទៀតបានរិះគន់ចំៗថា នេះអាចជាករណី «ត្រូវដងត្រូវផ្លែ» ឬមានការបើកដៃពីមន្ត្រីខិលខូចនៅថ្នាក់ក្រោម ទើបសកម្មភាពល្មើសច្បាប់ស្តែងៗបែបនេះ អាចដំណើរការទៅបានយ៉ាងរលូន។

ប្រជាពលរដ្ឋបានសម្តែងការហួសចិត្ត និងដកដង្ហើមធំដោយលើកឡើងថា «នៅស្រុកខ្មែរ ឲ្យតែមានលុយ គឺធ្វើអ្វីក៏បានដែរឬ ?»

តាមការវាយតម្លៃផ្នែកបច្ចេកទេស និងបទពិសោធន៍កន្លងមក ការរួមតូចនៃផ្ទៃស្ទឹង (បាតុភូតកដប) នៅកៀកនឹងទ្វារទឹក នឹងបង្កើតជាផលប៉ះពាល់អវិជ្ជមានជាសង្វាក់ រួមមានការស្ទះចរន្តទឹកជំនន់ ព្រោះនៅពេលរដូវវស្សាមកដល់ បរិមាណទឹកភ្លៀងពីផ្នែកខាងលើនឹងហូរធ្លាក់មកយ៉ាងគំហុក។ បើផ្លូវទឹកត្រូវរួមតូច វានឹងបង្កើតជាសម្ពាធទឹកដ៏ខ្លាំង ធ្វើឲ្យទឹកហូរមិនទាន់ ដែលអាចបណ្តាលឲ្យជន់លិចតំបន់ខាងលើ និងបង្កជាគ្រោះថ្នាក់បាក់ទំនប់ជាយថាហេតុ។

ការខូចខាតគ្រឹះស្ថានសាស្ត្រ៖ ការប្រែប្រួលចរន្តទឹក និងការចាក់ដីមិនរៀបរយអាចធ្វើឲ្យប៉ះពាល់ដល់រចនា សម្ព័ន្ធបាតស្ទឹង និងលំនឹងនៃទ្វារទឹករលាំងជ្រៃផ្ទាល់តែម្តង។

ប្រសិនបើមិនមានប្រតិកម្មភ្លាមៗពីសំណាក់ប្រជាពលរដ្ឋ មហាជន ក៏ដូចជាសារព័ត៌មានទេនោះ ក្រុមបុគ្គលទាំងនោះនឹងបន្តចាក់ដីបន្ថែមទៀតនៅថ្ងៃខាងមុខ ដែលយូរនិងឆាប់ ស្ទឹងព្រែកត្នោតភាគខ្លះ នឹងត្រូវរលាយបាត់រូបរាងជាមិនខាន។

យោងតាមច្បាប់ភូមិបាល និងច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដងស្ទឹង ព្រែក បឹងបួ គឺជា «ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ» ដែលមិនអាចកាត់ឆ្វៀល លក់ ដូរ ឬចាក់ដីរំលោភធ្វើជាកម្មសិទ្ធិឯកជនបានឡើយ។

ប្រជាពលរដ្ឋ និងមហាជនគ្រប់ទិសទី សូមអំពាវនាវយ៉ាងទទូចដល់ ក្រសួងធនធានទឹក និងឧតុនិយម ក៏ដូចជា អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ មេត្តាជួយចាត់មន្ត្រីជំនាញ និងកម្លាំងសមត្ថកិច្ចថ្នាក់ខេត្ត ចុះធ្វើអធិការកិច្ចជាបន្ទាន់ ដើម្បីពិនិត្យវាស់វែង និងមានវិធានការច្បាប់ក្តៅ ក្នុងការបង្ខំឲ្យកាយដី និងគ្រួសទាំងនោះចេញវិញ ដើម្បីបើកផ្លូវទឹក និងរក្សាការពារសម្បត្តិរដ្ឋដ៏មានតម្លៃមួយនេះ មុនពេលរដូវវស្សាចូលមកដល់ពេញទំហឹង ដែលអាចបង្កជាមហន្តរាយដែលមិនអាចស្តារឡើងវិញបាន។

ព័ត៌មាននេះ កំពុងស្ថិតក្នុងការតាមដានពីសំណាក់សាធារណជន ខណៈដែលគេហទំព័រយើងកំពុងរង់ចាំការបកស្រាយ និងចំណាត់ការផ្លូវការពីអាជ្ញាធរពាក់ព័ន្ធ៕

01jztdv5qcy3emtj2y0g5g9qjg large avif fb img 1780713513969 fb img 1780713511740 fb img 1780713509336 fb img 1780713507155 fb img 1780713504895

Scroll to Top