ខេត្តស្វាយរៀង៖ បុរសជាឪពុកនិងកូន ដែលជាកងទ័ពប្រចាំការនៅព្រំដែនភាគខាងលិច រួមទាំងប្រជាពលរដ្ឋផ្សេងទៀត២៦គ្រួសារ រស់នៅសង្កាត់ពោធិ៍តាហោ ក្រុង ស្វាយរៀង ខេត្តស្វាយរៀង ដែលជាកម្មសិទ្ធិនៃដីធ្លីតាំងពីឆ្នាំ១៩៨០ក្នុងទំហំ៩,០៣ហិចតា កំពុងរកនូវការទន្ទ្រានក្រោមលេស នៃការអភិវឌ្ឍរបស់អាជ្ញាធរដោយមិនមានដំណោះស្រាយសូម្បីបន្តិច ។
លោក ចាន់ ម៉េងឌី បម្រើការនៅអង្គភាពតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បច្ចុប្បន្នកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី ក្នុងតំបន់អានសេះបានមានប្រសាសន៍ថា ដីនេះត្រូវបានកាន់កាប់ជារួមនៅឆ្នាំ១៩៨០ និងបន្ត បន្ទាប់មកទៀតត្រូវបានបែងចែកឲ្យប្រជាពលរដ្ឋកាន់ កាប់ជាឯកជន តាមគោលនយោបាយរបស់ថ្នាក់ដឹកនាំសម័យនោះ។ កម្មសិទ្ធិទាំងនេះត្រូវបានកាន់កាប់ដោយស្របច្បាប់ជាមួយនឹងប្លង់ស្លាបមាន់ បង្កាន់ដៃទទួល ពាក្យសុំកាន់កាប់ ចុះហត្ថលេខាដោយគណៈកម្មាធិការប្រជាជនស្រុក និងបង្កាន់ដៃបង់ប្រាក់ ចុះហត្ថលេខាដោយប្រធានការិយាល័យកសិកម្មស្រុក។ ពួកយើងបានប្រកបកិច្ចការលើដីស្រែនេះ ដោយមិនដែលមានបញ្ហារហូតដល់បច្ចុប្បន្ន។
បើតាមបុរសជាអ្នកដែលធ្លាប់រស់នៅ និងប្រកបរបរធ្វើស្រែចំការលើដីនោះបាននិយាយថា នៅពេលដែលមានការដាក់គ្រឿងចាក់ចូលឈូសឆាយ ទាំងដែលប្រជាពលរដ្ឋម្ចាស់ដីមិនដឹងអ្វីសោះនោះ ធ្វើឲ្យមានការជ្រួលច្របល់យ៉ាងខ្លាំង ហើយប្រជាពលរដ្ឋបានរកកិច្ចអន្តរាគមន៍ពីអាជ្ញាធរសង្កាត់។ ប៉ុន្តែមិនបានលទ្ធផលអ្វីបន្តិចសោះឡើយ។ អ្វីដែលធ្ងន់ធ្ងរជាងនេះទៅទៀតអាជ្ញាធរធ្វើព្រងើយកន្តើយមិនដឹងមិនឮ ហើយចោទប្រជាពលរដ្ឋថាមានចេតនាប្រឆាំងនឹងការអភិវឌ្ឍ។ ពលរដ្ឋនិយាយថា ក្នុងនាមម្ចាស់ដីដែលកាន់កាប់ស្រប ច្បាប់ជាយូរឆ្នាំហើយហើយត្រូវគេទន្ទ្រានយក តើគួរនៅស្ងៀមដែរឬទេ?
បន្ទាប់ពីប្រតិកម្មខ្លាំង ពីសំណាក់ប្រជាពលរដ្ឋអាជ្ញាធរខេត្តបានបើកកិច្ចប្រជុំមួយក្រោមការដឹកនាំរបស់អភិបាលរងខេត្តម្នាក់។ ប៉ុន្តែកិច្ចប្រជុំនោះគ្មានអ្វីក្រៅពីដាក់ការគាបសង្កត់មកលើប្រជាពលរដ្ឋ មិនឲ្យសូម្បីតែនិយាយពីរឿងនេះ។ ធ្ងន់ជាងនេះទៅទៀតគឺហាមដាច់ខាតមិនឲ្យប្រជាពលរដ្ឋនិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយអំពីបញ្ហាដីធ្លីនេះឡើយ។
ក្នុងលិខិតសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរខេត្តស្វាយរៀងកាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ ដែលមានស្នាមមេដៃប្រជាពលរដ្ឋ ២៦ គ្រួសារផង បានឲ្យដឹងនៅក្នុងខ្លឹមសារទាំងស្រុងថា
១. ខ្ញុំបាទ គង់ សំអឿន ភេទប្រុស អាយុ៦០ឆ្នាំ មានទីលំនៅភូមិក្បាលស្ពាន សង្កាត់ពោធិ៍តាហោ ក្រុង ស្វាយរៀង ខេត្តស្វាយរៀង និង២.នាងខ្ញុំ មាស សារុន ភេទស្រី អាយុ៥៨ឆ្នាំ មានទីលំនៅភូមិឡ សង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
ខ្ញុំបាទ និងនាងខ្ញុំជាតំណាងប្រជាពលរដ្ឋម្ចាស់ដីចំនួន២៥ គ្រួសារដែលមានទំហំ៩.០៣ហិចតា មានទីតាំងស្ថិតនៅភូមិក្បាលស្ពាន សង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង តាមលិខិត ប្រគល់សិទ្ធិចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ។
សូមគោរពជូន ឯកឧត្តមអភិបាល នៃគណៈអភិបាល ខេត្តស្វាយរៀង។ កម្មវត្ថុ ៖ ប្តឹងតវ៉ាសុំឲ្យរដ្ឋបាលខេត្តស្វាយរៀងធ្វើការ ៖
១-ហាមឃាត់ការជីក និងដឹកយកអាចម៍ដីរបស់ប្រជាពលរដ្ឋពីសំណាក់ក្រុមហ៊ុនមិនស្គាល់ឈ្មោះ ជ្រកក្រោមគម្រោងអភិវឌ្ឍន៍របស់រដ្ឋបាលខេត្តស្វាយរៀងលើផ្ទៃដីទំហំ៩.០៣ហិចតា មានទីតាំង ស្ថិតនៅភូមិក្បាលស្ពាន សង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ជាបណ្តោះអាសន្ន រង់ចាំការដោះស្រាយវិវាទចប់សព្វគ្រប់ ។
២- សុំចាត់ឱ្យមានការដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋលើផ្ទៃដីទំហំជាក់ស្តែងនៃផ្នែក ខ្លះដែល រដ្ឋបាលខេត្តស្វាយរៀងយកទៅធ្វើការអភិវឌ្ឍន៍ ។
៣ -សុំចុះបញ្ជីដីដែលនៅសល់ក្រៅពីគម្រោងអភិវឌ្ឍន៍របស់រដ្ឋបាលខេត្តស្វាយរៀង ជូនប្រជាពលរដ្ឋ ។
យោង ៖ -សេចក្តីជូនដំណឹងលេខ០២៦/២៦ស.ជ.ណ ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦របស់រដ្ឋបាលខេត្ត ស្វាយរៀង ស្តីពីការជីកស្តារផ្នែកខ្លះនៃទន្លេវ៉ៃគោ ។
លិខិតប្រគល់សិទ្ធិចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ របស់ប្រជាពលរដ្ឋម្ចាស់ដីចំនួន១៩នាក់ មានក្រុមហ៊ុនមិនស្គាល់ឈ្មោះធ្វើសកម្មភាពទន្ទ្រានជីកយកអាចម៍ដី លើទីតាំងដីរបស់ប្រជាពលរដ្ឋទាំងបំពាន ជ្រកក្រោមគម្រោងអភិវឌ្ឍន៍របស់រដ្ឋបាលខេត្តស្វាយរៀង ដោយមិនមានការដោះស្រាយផលប៉ះពាល់ ជូនប្រជាពលរដ្ឋម្ចាស់ដីលើទំហំដីប៉ុនណា ត្រង់ផ្នែកណាខ្លះ នោះទេ ។
៤. ប្រជាពលរដ្ឋម្ចាស់ដីទាំង២៥គ្រួសារមានផ្ទៃដីទំហំ ៩.០៣ហិចតា ស្ថិតនៅទីតាំងស្ថិតនៅភូមិ ក្បាលស្ពាន សង្កាត់ពោធិ៍តាហោ ក្រុង-ខេត្តស្វាយរៀង មិនជំទាស់ទៅនឹងគម្រោងអភិវឌ្ឍន៍របស់ រដ្ឋបាលខេត្តស្វាយរៀងនោះឡើយ ។ ប៉ុន្តែប្រជាពលរដ្ឋម្ចាស់ដីស្នើសុំឱ្យរដ្ឋបាលខេត្តស្វាយរៀងធ្វើការ ជជែក ពិភាក្សា និងធ្វើការដោះ ស្រាយ ផលប៉ះពាល់ជាមួយប្រជាពលរដ្ឋម្ចាស់ដី ឲ្យបានជ្រះស្រឡះជាមុនសិន មុននឹងធ្វើការអភិវឌ្ឍន៍ ។
សេចក្តីដូចបានជម្រាបជូនខាងលើនេះ ដើម្បីឱ្យប្រជាពលរដ្ឋម្ចាស់ដី មានការអបអរសាទ រីករាយសប្បាយចិត្ត ចូលរួមសហការជាមួយរដ្ឋបាលខេត្ត និងទទួលបានផលប្រយោជន៍ដែលកើតចេញពី ផលប៉ះពាល់គម្រោងអភិវឌ្ឍន៍របស់រដ្ឋបាលខេត្ត សូមឯកឧត្តមអភិបាលខេត្ត មេត្តាពិនិត្យ និងសម្រេចតាមការស្នើសុំដូចមានបញ្ជាក់ក្នុងកម្មវត្ថុខាងលើទៅតាមផ្លូវច្បាប់ដោយក្ដីអនុគ្រោះ ។
លោក ចាន់ ម៉េងឌី ក៏ដូចជាមិត្តរួមលេណដ្ឋានបានលើកដៃសំពះទទូចស្នើសុំ ថ្នាក់ដឹកនាំខេត្តស្វាយរៀង ក៏ដូចជាសម្តេច ម៉ែន សំអន មេត្តាជ្រាបរឿងនេះ ហើយជួយដោះស្រាយជូនប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះជាពិសេសគ្រួសារកងទ័ពដែលមានកូនចៅ ប្ដីសី កំពុងឈរជើងនៅសមរភូមិនោះផង៕


