ខេត្តតាកែវ ៖ ព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ឈួន សុវណ្ណនរា នាយប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំសប្ដាហ៍ និងដាក់ចេញទិសដៅអនុវត្តការងារបន្ត ដោយមានការចូលរួមពីលោកនាយរងប៉ុស្ដិ៍ នាយ-នាយរងផ្នែក និងមន្ត្រីទាំងអស់ក្នុងអង្គភាព។
ក្នុងកិច្ចប្រជុំនោះ លោកវរសេនីយ៍ឯក ឈួន សុវណ្ណនរា បានធ្វើការផ្សព្វផ្សាយដល់កងកម្លាំងអំពីប្រកាសលេខ ៨៧៣ ប្រ.ក ស្តីពីបទវិន័យនគរបាលជាតិកម្ពុជា របស់ក្រសួងមហាផ្ទៃ ព្រមទាំងណែនាំឱ្យមន្ត្រីទាំងអស់គោរព និងអនុវត្តបទបញ្ជាផ្ទៃក្នុងរបស់អង្គភាពឱ្យបានម៉ឺងម៉ាត់។
ជាមួយគ្នានេះ លោកនាយប៉ុស្ដិ៍ក៏បានណែនាំឱ្យមន្ត្រីជំនាញពង្រឹងការត្រួតពិនិត្យ និងស្កេនលិខិតឆ្លងដែនឱ្យបានត្រឹមត្រូវ មុននឹងប្រថាប់ត្រាជូនភ្ញៀវជាតិ និងអន្តរជាតិ ដើម្បីធានាសុវត្ថិភាព និងប្រសិទ្ធភាពក្នុងការគ្រប់គ្រងច្រកព្រំដែន។
ក្រៅពីនេះ កម្លាំងប្រចាំការត្រូវបន្តល្បាត និងត្រួតពិនិត្យតាមគោលដៅ ដោយពង្រឹងការត្រួតពិនិត្យមធ្យោបាយដឹកជញ្ជូនឆ្លងកាត់ព្រំដែន និងអនុវត្តវេនប្រចាំការឱ្យបានម៉ឺងម៉ាត់ ២៤ម៉ោងលើ២៤ម៉ោង។
លោកនាយប៉ុស្ដិ៍ក៏បានជំរុញឱ្យមានការពង្រឹងលើការគ្រប់គ្រងបញ្ជីវត្តមានទាំងនៅអង្គភាព និងតាមគោលដៅនានា ឱ្យមានភាពច្បាស់លាស់ និងត្រឹមត្រូវ។ ទន្ទឹមនឹងនោះ កងកម្លាំងទាំងអស់ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុង មានស្មារតីទទួលខុសត្រូវខ្ពស់ និងអនុវត្តតួនាទីភារកិច្ចរៀងៗខ្លួនឱ្យបានល្អតាមការបែងចែករបស់ថ្នាក់ដឹកនាំ។
ក្នុងឱកាសនោះផងដែរ លោកវរសេនីយ៍ឯក ឈួន សុវណ្ណនរា បានក្រើនរំលឹកដល់មន្ត្រីទាំងអស់ ត្រូវជៀសឱ្យឆ្ងាយពីការប្រើប្រាស់ និងការជួញដូរគ្រឿងញៀន ដើម្បីរក្សាកិត្តិយស និងតម្លៃជាកងកម្លាំងអនុវត្តច្បាប់៕


