ខេត្តតាកែវ ៖ នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការអនុវត្តតួនាទីភារកិច្ចប្រចាំសប្តាហ៍ទី២ ខែឧសភា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្តសម្រាប់សប្ដាហ៍ខាងមុខ។
កិច្ចប្រជុំនេះ មានការចូលរួមពីលោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធានមន្ទីរទាំង៧ លោកនាយការិយាល័យពាក់ព័ន្ធ ប្រធានក្រុមការងារយេនឌ័រ ប្រធានអង្គភាពនគរបាលយុត្តិធម៌ និងមេបញ្ជាការកងអនុសេនាធំចល័តផងដែរ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី សេង មហា បានថ្លែងអំណរគុណដល់កម្លាំងជំនាញទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនថ្នាក់ដឹកនាំ និងឥស្សរជនជាន់ខ្ពស់ ដែលបានអញ្ជើញចុះបំពេញបេសកកម្មនៅក្នុងខេត្តតាកែវ នាពេលកន្លងមក ប្រកបដោយជោគជ័យ។
ជាមួយគ្នានេះ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក៏បានណែនាំ និងដាក់បទបញ្ជាសំខាន់ៗជាច្រើន ដល់កម្លាំងក្រោមឱវាទ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងការពារសន្តិសុខសង្គមឱ្យកាន់តែល្អប្រសើរ។
លោកបានសង្កត់ធ្ងន់ឱ្យពង្រឹងការអនុវត្តផែនការ និងប្រគល់ភារកិច្ចជាក់ស្តែងដល់កម្លាំងដែលមានតួនាទីសហការការពារកន្លែងស្នាក់នៅរបស់ជនបរទេស ដែលពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬ Online Scam ខណៈបទល្មើសប្រភេទនេះកំពុងក្លាយជាបញ្ហាប្រឈមមួយនៅក្នុងសង្គម។
ទន្ទឹមនឹងនេះ លោកក៏បានបញ្ជាឱ្យបន្តពង្រឹងកម្លាំងត្រៀមអន្តរាគមន៍នៅតាមចំណុចសំខាន់ៗ ដើម្បីត្រៀមអនុវត្តបទបញ្ជាបានទាន់ពេលវេលា ព្រមទាំងរៀបចំផែនការល្បាតចល័តក្នុងភូមិសាស្ត្រទទួលខុសត្រូវ ដើម្បីទប់ស្កាត់ និងបង្ការបទល្មើសផ្សេងៗឱ្យមានប្រសិទ្ធភាព។
មិនតែប៉ុណ្ណោះ កម្លាំងប្រចាំការលេខទូរស័ព្ទពិសេស Hotline 1212 ត្រូវបានណែនាំឱ្យប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង ដើម្បីទទួលព័ត៌មាន និងពាក្យបណ្ដឹងពីប្រជាពលរដ្ឋបានទាន់ពេលវេលា។
លោកមេបញ្ជាការខេត្ត ក៏បានជំរុញឱ្យគ្រប់អង្គភាពបន្តអនុវត្តច្បាប់ និងសារាចរណែនាំនានាឱ្យបានម៉ឺងម៉ាត់ ព្រមទាំងបន្តចុះអនុវត្តផែនការបង្ការ និងបង្ក្រាបរាល់បទល្មើសផ្សេងៗ ជាពិសេសបទល្មើសគ្រឿងញៀន ក្មេងទំនើង ការជួញដូរមនុស្ស ល្បែងស៊ីសងខុសច្បាប់ និងបទល្មើស Online Scam។
ដោយឡែក កម្លាំងតាមបណ្តាមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ត្រូវបន្តចុះសម្រួលចរាចរណ៍ជូនសិស្សានុសិស្សនៅតាមសាលារៀន ក្នុងពេលចូល និងចេញពីសាលា ដើម្បីធានាសុវត្ថិភាព និងកាត់បន្ថយការកកស្ទះចរាចរណ៍។
ជាចុងក្រោយ លោកឧត្តមសេនីយ៍ត្រី សេង មហា ក៏បានក្រើនរំលឹកដល់កម្លាំងទាំងអស់ ឱ្យយកចិត្តទុកដាក់លើការងារប្រចាំបញ្ជា ប្រចាំការ ប្រជុំជួរត្រួតពិនិត្យកម្លាំង ការស្គែនក្រយ៉ៅដៃស្រង់វត្តមាន ការគោរពទង់ជាតិ និងបន្តថែរក្សាសាមគ្គីភាពផ្ទៃក្នុងអង្គភាពឱ្យបានរឹងមាំ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងការបម្រើប្រជាជន៕


